ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន និង ឯកឧត្តម ពាស់ មូស្លីម បានចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅភូមិថ្នល់ទទឹង


កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឯកឧត្តមបានមានប្រសាសន៍​ផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋការពារការរីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយទម្លាប់ពាក់ម៉ាស និងលាងដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ ដើម្បីការពារ ទោះបីជម្ងឺរលាកសួត កូវីដ១៩ មានស្ថានភាពថយចុះហើយក្តី ត្រូវប្រុងប្រយ័ត្នខ្ពស់ ការពារប្រសើរជាងព្យាបាល ។

ក្នុងឱកាសនោះដែរ ឯកឧត្តម​ បានផ្តល់នូវគ្រឿងឧបភោគបរិភោគ ជូន​បងប្អូនប្រជាពលរដ្ឋខ្វះខាត ស្រ្តីមេម៉ាយ និងចាស់ជរា ចំនួន ៣០គ្រួសារ​ ដោយក្នុងមួយគ្រួសារទទួលបាននូវ​ អង្ករ១៤គីឡូក្រាម មី១០កញ្ចប់ ទឹកដោះគោ២កំប៉ុង ស្ករស១គីឡូក្រាម អូវ៉ាល់ទីន១ដប និងអំបិល ១គីឡូក្រាម ផងដែរ ។