នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការទី៧នៃរដ្ឋសភា អមដំណេីរដោយ លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ ព្រមទាំងក្រុមការងារអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ លោកមេឃុំជុំគ្រៀល ក្រុមប្រឹក្សាឃុំ បានអញ្ជើញបន្តចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ជំងឺកូវិដ-១៩ និងចែកអំណោយខែរ៉ាម៉ាឌនដល់ប្រជាពលរដ្ឋនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។
នៅក្នុងពិធីចុះផ្សព្វផ្សាយនេះ ឯកឧត្តម ម៉ាត់ សេត បានណែនាំពីវិធានការការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងជម្រុញអោយប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ជាមួយនិងការឆ្លងនៃជំងឺនេះ។ ជាមួយនឹងកម្មវិធីចុះផ្សព្វផ្សាយនេះក៏បានផ្តល់អំណោយកញ្ចប់អាហារបួសខែរ៉ាម៉ាឌនជូនប្រជាពលរដ្ឋចំនួន១៣០គ្រួសារ នៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម ស្ករសរ២គីឡូក្រាម ដំណាប់ផ្លែល្មើ១ប្រអប់ ប្រេងឆា១លីត្រ ទឹកត្រី១លីត្រ ទឹកដោះគោខាប់២កំប៉ុង និងមី១០កញ្ចប់ ជាអំណោយរបស់សប្បុរសជននៃប្រទេសគុយវ៉ែត តាមរយៈ អង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ ។