រាជធានីភ្នំពេញ៖ កុំព្យូទ័របន្ទះ (Tablets) ដែលឧបត្ថម្ភដោយមន្ទីរអប់រំ ទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ត្រូវបានប្រគល់ជូននាយកដ្ឋានជំនាញ និងគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីគាំទ្រដល់ការបញ្ជ្រាបបច្ចេកវិទ្យាព័ត៌មានជំនួយដល់បង្រៀន-រៀនគ្រប់មុខវិជ្ជា និងគាំទ្រដល់ការអប់រំតាមបែបឌីជីថល។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានលោកបណ្ឌិត Kim Sook Joon ប្រធានមន្ទីរអប់រំទីក្រុងប៊ូសាន (តាមរយៈ Video Conference) ថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈគ្រប់គ្រងសាលាជ័យលាភីដែលទទួលបានកុំព្យូទ័របន្ទះ។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះភាគីកូរ៉េ ដែលបានជួយបណ្ដុះបណ្ដាលផ្ដល់ជំនាញបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងឧបត្ថម្ភសម្ភារៈបច្ចេកវិទ្យាដល់គ្រូបង្រៀនកម្ពុជា ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ។ ជំនួយសម្ភារៈបច្ចេកវិទ្យាពិតជាមានសារសំខាន់ជាខ្លាំងសម្រាប់កម្ពុជា ពិសេសក្នុងដំណាក់កាលនៃការវាយប្រហារដោយជំងឺកូវីដ-១៩។
ឯកឧត្ដមបានបន្តថា លោកគ្រូ-អ្នកគ្រូ និងមន្ត្រីអប់រំនៃនាយកដ្ឋានបច្ចេកវិទ្យា បាន និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សកម្ពុជាអាចបន្តការសិក្សា ក្នុងពេលដែលសាលារៀនត្រូវបិទទ្វាដោយសារជំងឺកូវីដ-១៩។ ឯកឧត្ដមបានបង្ហាញក្ដីសង្ឃឹមថា ពិភពលោកអាចយកឈ្នះជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ ហើយភាគីទាំងពីរអាចបន្តការងារកិច្ចសហប្រតិបត្តិការជាបន្តទៀតដើម្បីលើកកម្ពស់វិស័យអប់រំ។
កុំព្យូទ័របន្ទះនេះ ត្រូវបានប្រគល់ជូននាយកដ្ឋានជំនាញ វិទ្យាស្ថានគរុកោសល្យ វិទ្យាល័យ អនុវិទ្យាល័យ សាលាមធ្យមសិក្សាគរុកោសល្យ និងសាលាបឋមសិក្សាចំនួន៩ នៅតាមបណ្ដារាជធានី-ខេត្ត ដោយក្នុងមួយស្ថាប័នទទួលបានចំនួន៣០គ្រឿង។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានចុះអនុស្សរណៈយោគយល់ជាមួយមន្ទីរអប់រំ ទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៥ ព្រមទាំងបានចុះហត្ថលេខាជាថ្មី ដើម្បីបន្ដកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ៕
១២ ឧសភា ២០២០ | ទីស្ដីការក្រសួងអប់រំ