នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ និង លោកជំទាវ
ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានអញ្ជេីញចុះជួបសំណេះសំណាល និងចែកផ្លែល្មើររបស់ក្រុមហ៊ុន Milipol International និងកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនដែលជាអំណោយរបស់ក្រុមហ៊ុន Rafulin ម៉ាឡេស៊ី តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា សហការជាមួយសមាគមសម្ពន្ធ័យុវជនមុស្លីមកម្ពុជា ចំនួន ១០០គ្រួសារ នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ឯកឧត្តម រ៉ូហ្វី អូស្មាន បានមានប្រសាសន៏ទៅកាន់បងប្អូនសាសនិកឥស្លាមទាំងអស់ ត្រូវថ្វាយបង្គុំតាមផ្ទះរៀងៗខ្លួន ទាំងការថ្វាយបង្គំតារ៉វ៉េស និងថ្វាយបង្គំថែ្ងរ៉យ៉ា ដេីម្បីចូលរួមការការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ឯកឧត្តមបានបន្ថែមទៀតថា ទោះបីរយៈពេលចុងក្រោយនេះ ពុំមានការឆ្លងថ្មី ហើយការព្យាបាលបានជាសះស្បើយស្ទើរទាំងស្រុង តែពុំប្រាកដថា វាអាចមានសុវត្ថិភាព រហូតឲ្យយើងភ្លេចខ្លួន លែងអនុវត្តវិធានការការពារនោះឡើយ។ ផ្ទុយទៅវិញ យើងកាន់តែត្រូវបន្តទប់ស្កាត់ អនុវត្តឲ្យបានកាន់តែល្អប្រសើរ រាល់វិធានការបង្ការនានា ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។
សូមបញ្ជាក់ផងដែរថាអំណោយដែលទទួលបានពីក្រុមហ៊ុន Rafulin សំរាប់ចែកជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ១៥គីឡូក្រាម ស្ករស ១គីឡូក្រាម អំបិល ១គកីឡូក្រាម ប្រេងឆា១ដប ទឹកដោះគោ ៣កំប៉ុង និងភេសជ្ជៈ ព្រមទាំងល្មើចំនួន ៣០០ គីឡូក្រាមសម្រាប់ស្រុកក្រគរផងដែរ។
តមកនៅព្រឹកថ្ងៃដដែល ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ និង លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ចំនួន៥០គ្រួសារក្នុង ភូមិស្វាយប៉ាកតូច ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
អំណោយដែលចែកជូនក្នុង១គ្រួសារទទួលបានល្មើរ អង្ករ ១៥គីឡូក្រាម អំបិល ១គីឡូក្រាម ស្ករស ១គីឡូក្រាម ប្រេងឆា១លីត្រ ចំនួន១ដប ទឹកដោះ ៣កំប៉ុង ត្រីខ ៣កំប៉ុង ព្រមទាំងចែកផ្លែល្មើរចំនួន ១០កេសធំ ដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារ និង សាសនិកឥស្លាមដែលរស់នៅក្នុងសហគមន៏ភូមិស្វាយប៉ាកតូចផងដែរ។