គណៈរដ្ឋមន្ត្រី សម្រេចអនុម័ត និងកែសម្រួលពាក្យពេជន៍៣ចំណុចលើ «សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ»


(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ គណៈរដ្ឋមន្រ្តី បានសម្រេចអនុម័ត និងកែសម្រួលពាក្យពេជន៍៣ចំណុចលើ «សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ»។ នេះបើតាមការប្រកាសរបស់ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ផៃ ស៊ីផាន បានឱ្យដឹងបន្ថែមថា «សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ» មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ក្នុងក្របខណ្ឌនៃកិច្ច សហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា បានចុះសន្ធិសញ្ញាទាំងទ្វេភាគី ទាំងពហុភាគី ជាមួយបណ្ដាប្រទេសជាច្រើន ជាពិសេសសន្ធិសញ្ញាទាក់ទងនឹងការធ្វើបត្យាប័ន ការផ្ទេរទណ្ឌិត និងការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ។

ចំពោះការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ ឌដែលជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់កន្លងមក ព្រះរាជាណាចក្រកម្ពុជា បានចុះសន្ធិសញ្ញាពហុភាគីមួយក្នុងក្របខណ្ឌអាស៊ានគឺ «សន្ធិសញ្ញាអាស៊ានស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ» ព្រមទាំងសន្ធិសញ្ញាទ្វេភាគីជាមួយនឹងប្រទេសចំនួន០៤រួមមាន៖ សាធារណរដ្ឋកូរ៉េ, សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋឥណ្ឌា និងសហព័ន្ធរុស្សី ដែលក្នុងនោះសន្ធិសញ្ញាមួយចំនួនត្រូវបានផ្តល់សច្ចាប័នរួចហើយ និងសន្ធិសញ្ញាមួយចំនួនទៀត ពុងស្ថិតក្នុងនីតិវិធី ដើម្បីស្នើសុំការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា។

ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលនូវសំណើសុំជំនួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌពីបណ្ដាប្រទេសជាច្រើន ដែលមានសន្ធិសញ្ញា ឬកិច្ចព្រមព្រៀង ជាមួយព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែ ដោយឈរលើគោលការណ៍បដិការ ព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមផ្តល់ជំនួយ ស្របតាមសំណើទាំងអស់នេះ ព្រោះនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង នឹងបទល្មើសព្រហ្មទណ្ឌ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្មព្រមទាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ទោះបីជាព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជំនួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដល់ប្រទេសជាច្រើន រួមទាំងប្រទេសដែលមានសន្ធិសញ្ញា ជាមួយកម្ពុជា និងទាំងប្រទេសដែលពុំមានសន្ធិសញ្ញាជាមួយកម្ពុជា នាពេលកន្លងមកក៏ពិតមែន ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានច្បាប់ផ្ទៃក្នុង មួយច្បាស់លាស់ ដើម្បីធានាដល់ការអនុវត្តសំណើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌនៅឡើយទេ។

សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនេះ គឺជាការចាំបាច់ដែលមិនត្រឹមតែបង្កើត ឱ្យមាននីតិវិធីផ្ទៃក្នុង មួយច្បាស់លាស់ បំពេញបន្ថែម ឱ្យក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដល់ការអនុវត្តសន្ធិសញ្ញានានា ស្តីពី ការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌប៉ុណ្ណោះទេ។ ប៉ុន្តែ ថែមទាំងបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយ ដែលបម្រើដល់ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ជាមួយនឹងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមកទៀត ផងដែរ។

គោលបំណង ច្បាប់នេះកំណត់អំពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានា ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះ៖

* ការជួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដែលត្រូវផ្តល់ដល់រដ្ឋធ្វើសំណើទាំងអស់ ទោះបីរដ្ឋធ្វើសំណើនោះមិនមានកិច្ចព្រមព្រៀង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។

* ការស្វែងរកការជួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ពីរដ្ឋទទួលសំណើទាំងអស់ ទោះបីរដ្ឋទទួលសំណើនោះមិនមានកិច្ចព្រមព្រៀង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។ ច្បាប់នេះមិនមានវិសាលភាពអនុវត្ត ចំពោះការជួយទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដែលធ្វើឡើងស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគី ដែលបានទទួលសច្ចាប័នពីព្រះរាជាណាចក្រកម្ពុជា។

នីតិវិធីផ្ទៃក្នុង សម្រាប់អនុវត្តសំណើជួយគ្នាទៅវិញទៅមក ដែលមានចែងក្នុងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះគ្រប់ករណីទាំងអស់នៃការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដោយរួមបញ្ចូលទាំងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដែលធ្វើឡើង ស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគីដែលបានទទួលសច្ចាប័ន ពីព្រះរាជាណាចក្រកម្ពុជាផង លើកលេងតែមានបញ្ញាតផ្ទុយ ដែលមានចែងជាក់លាក់ក្នុងសន្ធិសញ្ញា ឬអនុសញ្ញានោះ ឬច្បាប់ផ្សេងទៀត នៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះ ក៏មិនរារាំងដល់ការធ្វើសំណើ ឬទទួលសំណើទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ឬកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបរទេសណាមួយ តាមរយៈមធ្យោបាយស្របច្បាប់ផ្សេងទៀតឡើយ៕