គណបក្សប្រជាជនកម្ពុជា ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ ទេសរដ្ឋមន្ដ្រី ហ៉ឹម ឆែម


(ភ្នំពេញ)៖ គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ហ៉ឹម ឆែម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស។

គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល បានសម្ដែងនូវការសោកស្ដាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមកក់ត្រាទុកនូវស្នាដៃ គំរូវីរភាព និងគុណបំណាច់របស់ ទេសរដ្ឋមន្ដ្រី ហ៉ឹម ឆែម ដែលជាឥស្សរជនដ៏ឆ្នើមមួយរូប បានបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា រហូតអវសាននៃជីវិត។

គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល បានចូលរួមរំលែកនូវមរណទុក្ខដោយក្ដីសោកសង្រេងបំផុត ជាមួយលោកស្រី ជាភរិយា និងក្រុមគ្រួសារនៃសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ ទេសរដ្ឋមន្ដ្រី ហ៉ឹម ឆែម បានទៅកាន់សុគតិភពកុំបីខានឡើយ។

សូមជម្រាបថា លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ហើយបច្ចុប្បន្ន ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពនៅក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។ នេះបើយោងតាមលោក ហ៊ឹម និមល ត្រូវជាកូនបង្កើតរបស់សព បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ។

បើតាមលោក ហ៊ឹម និមល ឪពុករបស់លោកបានទទួលមរណភាព នៅវេលាម៉ោង ១០៖៤៤នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ហើយសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងបុរីប៉េងហួត បឹងស្នោខណ្ឌច្បារអំពៅ៕