ធុរកិច្ចថៃមានចំណាប់អារម្មណ៍ធ្វើពាណិជ្ជកម្មនៅកម្ពុជា និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា


នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបគណៈប្រតិភូធុរជនមកពីប្រទេសថៃ ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងណែនាំខ្លួន និងស្វែងយល់អំពីកាលានុវត្តភាពក្នុងការធ្វើធុរកិច្ចនិងវិនិយោគ នៅកម្ពុជា។
គណៈប្រតិភូថៃរួមមានក្រុមហ៊ុនតូច និងមធ្យមចំនួន ៣២ ក្រុមហ៊ុន ដែលប្រកបធុរកិច្ចលើផលិតផលសំអាង ស្ប៉ា កែច្នៃម្ហូបអាហារ សុខភាពនិងអាហារបំប៉ន និងផលិតផលឧស្សាហកម្ម។ គណៈប្រតិភូនេះ ដឹកនាំដោយលោក ឆានីត្រ ឆានឆៃណារ៉ុង (Chanitr Charnchainarong) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា។
ជាការចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ ដែលមានទំហំ ៥,២ ប៊ីលានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងអំពីការធ្វើពាណិជ្ជកម្មយ៉ាងសកម្មរវាងប្រទេសទាំងពីរ។ អង្គប្រជុំក៏បានពន្យល់អំពីបរិយាកាសវិនិយោគរបស់កម្ពុជា កាលានុវត្តភាពក្នុងការធ្វើជំនួញ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់។
រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្វើពាណិជ្ជកម្ម ដូច្នេះហើយដើម្បីទាក់ទាញអ្នកវិនិយោគឲ្យកាន់តែច្រើនថែមទៀត កម្ពុជាបានបើកទូលាយទីផ្សាររបស់ខ្លួនយ៉ាងទូលំទូលាយ ហើយបានក្លាយទៅជាប្រទេសមានទីផ្សារសេដ្ឋកិច្ចបើកទូលាយមួយឈានមុខគេ នៅក្នុងសកលលោក។ ជាមួយគ្នានោះដែរ កម្ពុជាផ្ដល់ជូនការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន ដូចជាការកាត់បន្ថយឬលើកលែងពន្ធ ការមិនយកពន្ធគយលើឧបករណ៍និងវត្ថុធាតុដើមសម្រាប់កែច្នៃ ភាពជាម្ចាស់ដោយជនបរទេស១០០% ជាដើម។
លើសពីនេះទៀត ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅទីតាំងយុទ្ធសាស្ត្រ មិនត្រឹមតែផ្ដល់ជូនវិនិយោគិននូវការលើកទឹកចិត្តបន្ថែម ព្រមទាំងបង្កនូវភាពងាយស្រួលក្នុងការប្រើប្រាស់ច្រកសេដ្ឋកិច្ច និងទទួលបានការសម្រួលពាណិជ្ជកម្មដ៏មានប្រសិទ្ធភាព។ ទាក់ទននឹងភាពប្រកួតប្រជែងរបស់កម្ពុជា ទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជានៅចំកណ្ដាលអាស៊ាន អនុញ្ញាតឲ្យការនាំចេញផលិតផលទៅកាន់ប្រទេសដទៃទៀតក្នុងតំបន់ នៅក្នុងរយៈពេលមួយដ៏ខ្លី។ ជាមួយនេះផងដែរ ការអនុគ្រោះពន្ធគយទាំងឡាយដែលកម្ពុជាទទួលបានពីសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងដៃគូដទៃទៀត ផ្ដល់ជូនដល់វិនិយោគិននូវទីផ្សារដែលមានស្រាប់ សម្រាប់ការជ្រៀតចូល និងទទួលយកផលប្រយោជន៍។
គណៈប្រតិភូថៃ បានថ្លែងអំណរគុណចំពោះមតិ និងការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ហើយក៏បានជម្រាបជូនអំពីគោលបំណងនៃទស្សនកិច្ចនេះ ដូចជាការស្វែងយល់ដោយផ្ទាល់ពីការធ្វើធុរកិច្ចនៅកម្ពុជា និងស្វែងរកដៃគូដើម្បីសហការក្នុងការប្រកបអាជីវកម្ម និងវិនិយោគនៅកម្ពុជា។
ឆ្លើយតបនឹងគោលបំណងនេះ ឯកឧត្តមរដ្ឋមន្ត្រី មានសេចក្ដីរីករាយចំពោះចំណាប់អារម្មណ៍របស់ធុរជនថៃក្នុងការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ហើយឯកឧត្តមណែនាំឲ្យមានការជួបគ្នារវាងធុរជនថៃនិងកម្ពុជា ព្រមទាំងពង្រឹងឲ្យមានកិច្ចសហការកាន់តែខ្លាំង និងមានការប្រឹក្សាញឹកញាប់បន្ថែមទៀត ជាពិសេសរវាងក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ។ ឯកឧត្តម ក៏បានចាត់ឲ្យមានជាជនបង្គោលក្នុងក្រសួងពាណិជ្ជកម្ម ដើម្បីទំនាក់ទំនងនិងគាំទ្រធុរកិច្ចថៃ។