ឯកឧត្តម សុក ផេង ចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកចំនួន១២០គ្រួសារ ស្ថិតនៅក្នុងឃុំល្វាលើ ស្រុកចំការលើ


(កំពង់ចាម)៖ ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្រ្តី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចំការលើ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំល្វាលើ រួមដំណើរដោយ ឯកឧត្តម សៀ សុភក្ដ្រ័ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកចំនួន១២០គ្រួសារ ស្ថិតនៅក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លី ហ៊ុយ នាយកអង្គការមួយសម្រាប់កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារបានផ្ដល់នូវអំណោយដល់គ្រួសារដែលជួបការលំបាក

ទាំង១២០គ្រួសារនោះ។ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្រ្តី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចំការលើ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំល្វាលើ បានពាំនាំប្រសាសន៍ការសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំការលើ ដោយឡែកបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុង ឃុំ ល្វាលើ នេះផ្ទាល់ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។

ឯកឧត្តម បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះបញ្ហា ជំងឺ Covid-19 លើសកលលោកពុំទាន់មានការថមថយនៅឡើយទេ ដោយឡែកប្រទេសកម្ពុជារបស់យើង កន្លងមកបានព្យាបាល ជាសះស្បើយ អ្នកជំងឺ Covid-19 បាន១០០% ប៉ុន្តែ នាថ្ងៃ ទី២១ ខែឧសភា កន្លងមកថ្មីៗនេះ មានករណីជំងឺ Covid-19 បានឆ្លង ១ករណីថ្មី ទៀត ហេតុនេះហើយយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហានេះ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ គឺត្រូវអនុវត្តទៅតាមការនែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម សុក ផេង បានបន្តទៀតថា ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានណែនាំដល់ មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្រីក្រនៅតាមមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន ជាក់ស្ដែងនាថ្ងៃនេះ ឯកឧត្តមបាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១២០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូ សណ្ដែកដី គុយទាវស្ងួត

អំបិល ត្រីខកំប៉ុង សាបលាងដៃ អាល់កុល និងម៉ាស់ ទឹកក្រូច១កេះ សរុបអស់ជាថវិកាចំនួន៤២០០ដុល្លារ។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួម អនុវត្តទៅតាម ការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នេះ  និងជាពិសេសត្រូវរក្សាឲ្យបាននូវអនាម័យ ជាប្រចាំផងដែរ ។