អភិបាលខេត្តកំពង់ចាម​ ទទួល​ម៉ាស​ចំនួន​២ម៉ឺន​ ពី​សប្បុរសជន​ ដេីម្បី​បន្ត​ការ​ផ្សព្វផ្សាយ​អប់រំ​​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ ចំពោះ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​


កំពង់ចាម​:​ ដេីម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ នាព្រឹក​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២០នេះ​​ ក្រោម​ពាក្យ​ស្លោក​កម្ពុជា​ ចិន​ រួម​ចិត្ដ​រួម​កម្លាំង​គ្នា​ ជួយ​គ្នា​​ទៅវិញទៅមក​​ ក្រុមហ៊ុន​ហេងហ៊ី​គ្រុប​ បាន​ឧបត្ថម្ភ​ម៉ាស​ ចំនួន​២ម៉ឺន​ ជូន​ដល់​​រដ្ឋបាល​ខេត្ត​កំពង់ចាម​ សម្រាប់​បម្រើ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ និង​សម្រាប់​ធ្វើការ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មក​លម្ហែ​កាយ​កម្សាន្ត​ នៅ​សួន​ស្មៅ​មុខ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​ការ​ណែនាំ​របស់​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រោយ​ពីមានការព្យាបាលអ្នកជម្ងឺកូវីដ-១៩​ ជាសះស្បើយ នៅកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម សង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និង​បាត់បង់​ការ​ប្រុងប្រយ័ត្នចំពោះ ជម្ងឺកូវីដ-១៩ ហើយនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ មីនីម៉ាត និងចំណតរថយន្តមួយចំនួនខ្វះការប្រុងប្រយ័ត្ន​ ទាំងម្ចាស់ភោជនីយដ្ឋាន អាជីវករ ម្ចាស់រថយន្ត និងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកឡេីយ។ ដូច្នេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីដ-១៩​ ឲ្យ​កាន់តែ មានប្រសិទ្ធភាព​ខ្ពស់​ថែមទៀតនោះ រដ្ឋបាលខេត្តកំពង់ចាម សូម​អំពាវនាវ​ដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន គណៈអាជីវករ ម្ចាស់មីនីម៉ាត ម្ចាស់ម៉ាត ម្ចាស់ចំណតរថយន្តក្រុង ចំណតរថយន្ត ម្ចាស់រថយន្តឈ្នួល ទាំងអស់ ត្រូវ​បន្ត​ការ​ប្រុងប្រយ័ត្ន​​ និង​គោរពឲ្យ​បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ៕