ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញចុះត្រួតពិនិត្យ នៃការអនុវត្តផ្ទាល់ ពីដំណើរការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ១៩ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ


(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញចុះត្រួតពិនិត្យនៃការអនុវត្តផ្ទាល់ ពីដំណើរការនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ១៩ នៅឃុំចំនួន៣ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមមាន៖ ឃុំព្រៃញាតិ, ឃុំទឹកល្អក់ និងឃុំស្រង់ ។

ក្នុងដំណើរការចុះត្រួតពិនិត្យផ្ទាល់នេះ មានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ ,តំណាងអាជ្ញាធរខេត្ត, លោកអភិបាលស្រុក , អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ។

ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាននៃស្រុកគងពិសី ដែលបានរៀបចំដំណើរការ យន្តការនៃការអនុវត្តការងារនេះបានយ៉ាងល្អ មានការយកចិត្តទុកដាក់ខ្ពស់អំពីស្ថានភាពជីវភាព ការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងបានយ៉ាងល្អ ជាពិសេសស្ថានភាពប្រជាជនក្រីក្រ ដែលត្រូវការជំនួយជាបន្ទាន់ ដែលក្នុងនាមជាអាជ្ញាធរមូលដ្ឋានត្រូវតែមានការគិតគូរជូនពួកគាត់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មេត្តាជួយសហការ និងតាមដានដំណើរការការងារនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជៀសវាងឱ្យបានប្រតិកម្មពីប្រជាជននៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្តការផ្តល់អន្តរាគមន៍ និងស្នើដល់លោកអភិបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់នៃស្រុកគងពិសី នឹងឆ្លៀតឱកាសនេះដែរឯកឧត្តមក៏សូមស្នើដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ស្រុក ក្រុងទូទាំងប្រទេស ពន្លឿនអោយលឿនតាមផែនការដែលបានកំណត់ ដែលជាគោលការណ៍ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ដែល (១) តំបន់ជនបទឱ្យបានចប់សព្វគ្រប់មុនដំណាច់ខែឧសភា ឆ្នាំ២០២០ និង (២) តំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់អត្តសញ្ញាណម្មគ្រួសារក្រីក្រ តាមការស្នើសុំ និង ត្រូវមានការពិគ្រោះយោបល់ជាមួយភូមិ និងឃុំ ករណីមានការដកចេញនូវគ្រួសារណាដែលមានជីវភាពលេចធ្លោ។