នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់តាមដងផ្លូវ និងមិនត្រូវហៅយានយន្តរបស់ពលរដ្ឋដែលមិនល្មើសច្បាប់ចរាចរណ៍ សួរនាំនោះទេ


(ភ្នំពេញ)៖ ជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវ និងមិនត្រូវហៅរាល់យានយន្តរបស់ប្រជាពលរដ្ឋកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវសួរនាំនោះទេ បើសិនយានយន្តទាំងនោះមិនល្មើសច្បាប់ចរាចរណ៍។

យោងតាមបទបញ្ជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា «ប្រសិនបើមានស្នងការនគរបាល រូបណាប្រព្រឹត្តទង្វើបែបនេះទៀត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង»

បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិរូបនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរខ្លះមានការថ្នាំងថ្នាក់ ចំពោះនគរបាលចរាចរណ៍មួយចំនួននៅតាមដងផ្លូវ បានដាក់បារ៉ាស់ នៅតាមផ្លូវ និងបានឃាត់រថយន្តរបស់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ខណៈរថយន្តទាំងនោះមិនមានបទល្មើសចរាចរណ៍។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកាលពីឆ្នាំ២០១៩ កន្លងទៅ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឱ្យមនុស្សជិត២០០០នាក់ បានស្លាប់ និងរាប់ពាន់នាក់បានរងរបួសធ្ងន់-ស្រាល។

រយៈពេល២៥ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ ពោលគឺថ្ងៃទី០១-២៥ ខែឧសភា ឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៣៦៧៩៩គ្រឿង ក្នុងនោះម៉ូតូ ២៦៧៨២គ្រឿង និងរថយន្តគ្រប់ប្រភេទ ១០០១៧គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមលោកឧត្តមសេនីយ៍ឯក, សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩លើក ស្លាប់៦នាក់ របួស១០នាក់ (របួសធ្ងន់៧នាក់)។ សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះដែរ មានយានយន្ត ១០១២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ។ ក្នុងនោះ ម៉ូតូមាន ៧៣៨គ្រឿង ខណៈរថយន្តមានចំនួន ២៧៤គ្រឿង៕