លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ប្រគេនទៀន ព្រះវស្សា និង ទេយ្យវត្ថុ ព្រះសង្ឃ ចំនួន ០៥វត្ត


លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋ សភា – ព្រឹទ្ធសភា និង អធិការកិច្ច និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន បាន មូលមតិ គ្នា ប្រគេនទៀន ព្រះវស្សា និង ទេយ្យវត្ថុ ព្រះសង្ឃ គង់ ចាំ ព្រះវស្សា រយៈពេល ត្រីមាស ចំនួន ០៥វត្ត រួមមាន ៖ វត្តអង្គសិរីសួស្តី វត្តអង្គតាគៀត វត្តសារាវ័ន្តតេជោ វត្តកោះ និងវត្តទួលទំពូង ដែលបានរៀបចំនៅភោជនីយដ្ឋានសូរិយា រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ៍ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ការចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់ អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥ កើត ខែអស្សុជ។ ការបញ្ញត្តិឱ្យមានការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណង ចង់ឱ្យព្រះសង្ឃ មានភាពងាយស្រួលក្នុងរដូវវស្សារយៈពេលបីខែនេះ ដែលជារដូវភ្លៀង ធ្លាក់ជោកជាំ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ពិធីបុណ្យនេះដែរ ក៏មានជួបជុំពទ្ធបរិស័ទ នមស្សការ ព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញ្ញាតិការទាំង ៧ សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ត នៅក្នុងថ្ងៃនេះរួមមាន ៖ ទៀនព្រះវស្សា ១គូ ត្រៃយ៍ធំ ១ បាត្រ ១ ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស ស្ករ ស ២៥គីឡូក្រាម ទឹកដោះគោ ១កេស ត្រីខ ១កេស ទឹកស៊ីអ៉ីវ ១ឡូ តែស្លឹក ១គីឡូក្រាម អង្ករ ២៥គីឡូក្រាម ត្រីងៀតនិងសាច់ក្រ ៥គីឡូក្រាម ផ្លែឈើ ១កន្ត្រក កន្ទេលខ្សែ ១ដុំ ក្រូចឃ្វិច ១កេស នំថុង ស្ករគ្រាប់ និងបច្ច័យចូលបុណ្យ ៕