ឯកឧត្តម សុខ ឥសាន៖ អ្នកនយោបាយ មេដឹកនាំបណ្តាប្រទេស លើពិភពលោក មិនល្ងិតល្ងង់ ដូចជនអគតិមួយចំនួន ក្នុងស្រុកនោះទេ


ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ង្នកនយោបាយ និងមេដឹកនាំបណ្ដាប្រទេស លើពិភពលោក មិនចេះកកូរកកាយ ឬចេះដឹងរឿងបញ្ហាផ្ទៃក្នុងរបស់ ប្រទេសក្រៅនោះទេ មិនដូចជនល្ងិតល្ងង់ អគតិមួយចំនួន នៅក្នុងស្រុកទេ ។

ឯកឧត្តម សុខ ឥសាន បានសរសេរតាម តេឡេក្រាម ផ្ញើមកកាន់ក្រុមការងារគេហទំព័រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ កុម្ភៈនេះថា ដោយសារក្រុមប្រឆាំង អនុវត្តវប្បធម៌ ក្រទ្បុកសភាពការណ៍ បានធ្វើឲ្យសភាពការណ៍ពិតនៅកម្ពុជា បែងចែកជាច្រើន ទៅតាមការយល់ឃើញ របស់មនុស្សម្នាក់ៗ និងតាមមជ្ឈដ្ឋាននីមួយៗ ខុសប្លែកពីគ្នា ។

ឯកឧត្តមបន្តថា នៅក្នុងប្រទេស ទោះបី ពួកគេចង់ប្រែក្រទ្បាស់ សភាពការណ៍ យ៉ាងណាក៏ដោយ ក៏មិនអាចទៅរួចដែរ ដោយសារ បណ្តាសមិទ្ធផល ដែលកើតមាននោះ ជាសមិទ្ធផលពិត ជាក់ស្តែង មិនអាចលាក់បាំងបាន ។ ប៉ុន្តែនៅក្រៅប្រទេសវិញ មើលមិនឃើញនឹងភ្នែក ចេះតែស្រមើស្រមៃ ទៅតាមការឃោសនាមួលបង្កាច់ និងតាមរម្មណ៍រវើរវាយផង ធ្វើឲ្យសភាពការណ៍ ខុសពីការពិត ហើយប្រែទៅជា ហាក់ដូចស្រុកខ្មែរ កំពុងហុយផ្សែងសង្គ្រាម កំពុងកាប់ចាក់គ្នា ប្រទូសរ៉ាយនឹងគ្នា គ្មានសេចក្តីសុខសោះ ។

ឯកឧត្តមបញ្ជាក់ថា “អ្នកនយោបាយ មេដឹកនាំបណ្តាប្រទេស គេមិនចេះតែហ៊ាន កកូរកកាយបញ្ហាផ្ទៃក្នុង ប្រទេសក្រៅនោះទេ គេមិនល្ងិតល្ងង់ ដូចជនអគតិមួយចំនួន ក្នុងស្រុកនោះទេ ។ ដោយសភាពការណ៍ពិតរបស់កម្ពុជា គឺជាការពិត ជាសច្ចៈធម៌ នោះ គ្មានជនអគតិណា អាចលាក់បាំងការពិត នេះបានជាដាច់ខាត ។ ឯអ្នកផ្សេង ក៏មិនចេះតែជឿតាមដែរ” ។

ឯកឧត្តមបន្ថែមថា មានបងប្អូននៅក្រៅប្រទេស ពេលមកលេងស្រុកកំណើត មានការភ្ញាក់ផ្អើលខ្លាំងណាស់ ធ្លាប់តែឮគេនិយាយ ដល់មកជាក់ស្តែង មិនចង់ត្រទ្បប់ទៅវិញទេ ហើយមានការកោតស្ញប់ស្ញែង ចំពោះការរីកចម្រើន របស់ប្រទេសជាតិ ។
ដោយការនៅឃ្លាតឆ្ងាយ និងស្តាប់ការនិយាយខាងក្រៅ ធ្វើឲ្យជនបរទេសមួយចំនួន ចេះតែសន្និដ្ឋានស្មានៗ វាយតម្លៃមិនពិត ។

ឯកឧត្តមថា ទោះយ៉ាងណាក្តី ការវាយតម្លៃបែបអវិជ្ជមាន មានតិចណាស់ បើប្រៀបធៀបនឹងអ្នកភាគច្រើន យល់បែបវិជ្ជមាន ដោយគេបានយល់ការពិត ការឃោសនាល្ងិត មិនអាចអូសទាញ ឲ្យគេល្ងង់តាមនោះទេ ៕