ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំអ្នកបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យសក្តានុពលទឹកនៃស្ទឹងស្ទោង ខេត្តកំពង់ធំ


នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំអ្នកបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យសក្តានុពលទឹកនៃស្ទឹងស្ទោង ស្ថិតក្នុងខេត្តកំពង់ធំ ។
ជាលទ្ធផលនៃការចុះពិនិត្យនេះ ក្រុមការងារបានសម្រេចធ្វើការសិក្សាគ្រោងប្លង់លំអិត ដើម្បីកសាងប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកបត់ត្រង់ ស្ថិតក្នុងឃុំម្សាក្រង ស្រុកស្ទោង ។ ការងារនេះនាំមកនូវផលចំណេញយ៉ាងច្រើន ដល់ការស្រោចស្រពលើដីស្រែ បានជាង ៣៣.០០០ ហិកតា និងដំណាំអនុផលជាច្រើនទៀត ពិសេសនៅពេលសាងសង់រួច ប្រព័ន្ធនេះនឹងក្លាយជាកំពង់ផែសម្រាប់ការផ្លាស់ប្តូរទំនិញគ្រប់យ៉ាងពីតំបន់ ៣ បឹងទន្លេសាប និងខេត្តកំពង់ធំទាំងមូល ។
ជាមួយនេះផងដែរ ប្រព័ន្ធធារាសាស្រ្តទំនប់អាងបត់ត្រង់ ក៏នឹងផ្តល់ផលប្រយោជន៍ដ៏ធំមួយទៀតដល់ប្រព័ន្ធធារាសាស្រ្តទំនប់អាងប្រកៀប ស្ថិតក្នុងឃុំម្សាក្រងក្រោម ស្រុកស្ទោង ងខេត្តកំពង់ធំ ប្រវែង ៦,៧ គម និងទំនប់អាងប្រកៀបស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប ប្រវែង ២២ គម ។ ពេលធ្វើប្រព័ន្ធធារាសាស្រ្តទំនប់អាងបត់ត្រង់ និងប្រពន្ធ័ធារាសាស្រ្តទំនប់អាងប្រកៀបរួច ធ្វើឱ្យយើងអាចប្រើប្រាស់អស់លទ្ធភាពនូវសក្តានុពលទឹករបស់ស្ទឹងស្ទោងផ្នែកខាងក្រោម ប្រព័ន្ធធារាសាស្រ្ត៣០កញ្ញា និងផ្នែកខាងក្រោមស្ទឹងជីក្រែងខាងក្រោមទំនប់ម្កាក់ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ៕