ឯកឧត្តម ប៉ាន សូរស័ក្តិ ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃក្រសួងពាណិជ្ជកម្មរៀបចំលិខិតផ្លូវការណ៍ជាបន្ទាន់ ដើម្បីផ្ញើជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌


ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដែលជាសមាជិកគណៈកម្មការនីតិកម្មនៃក្រសួងពាណិជ្ជកម្ម រៀបចំលិខិតផ្លូវការណ៍ជាបន្ទាន់មួយ ដើម្បីផ្ញើជូន ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទាក់ទិននឹងការកំណត់ថិរវេលា និងចំណាត់ការតុលាការសម្រាប់ការអនុវត្តលិខិតតំកល់ភតិសន្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
ការណែនាំនេះ បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំនីតិវិធីពិសេស សម្រាប់ប្រតិបត្តិការដែលមានកិច្ចធានា និងភតិសន្យាហិរញ្ញវត្ថុ នៅឯក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានការចូលរួមពីមន្ត្រីមកពីអន្តរក្រសួងប្រមាណជាង ៣០រូប។
តាមរយៈចំណាត់ការនេះ គេរំពឹងថានឹងជួយទម្លាយភាពជាប់គាំងនៃការមិនអាចអនុវត្តន៍បានចំពោះភតិសន្យាហិរញ្ញវត្ថុ ដែលមានសារៈសំខាន់សម្រាប់ជួយសហគ្រាសធុនតូច និងធុនមធ្យម (SMEs) ជាពិសេសធុរជន ឬប្រជាកសិករ ឲ្យទទួលបានហិរញ្ញប្បទានស្របច្បាប់កាន់តែច្រើន ពីស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីយកទៅពង្រីកប្រតិបត្តិការអាជីវកម្ម ឬប្រើប្រាស់ផ្ទាល់ខ្លួន។
នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការអនុវត្តវិស័យភតិសន្យាត្រូវផ្អែកលើទិដ្ឋភាពច្បាប់សំខាន់ៗចំនួនបីជាគោលគឺ៖ ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានារបស់ក្រសួងពាណិជ្ជកម្ម, ច្បាប់ស្តីពីភតិសន្យាហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា និងច្បាប់ស្តីពីក្រមរដ្ឋប្បវេណីរបស់ក្រសួងយុត្តិធម៌។ កន្លងមកដើម្បីសម្រួលដល់ការអនុវត្តវិស័យភតិសន្យាឲ្យមានមានប្រសិទ្ធភាពខ្ពស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យមានការរៀបចំនីតិវិធីពិសេស ក្នុងរូបភាពជាច្បាប់ថ្មី សម្រាប់ប្រតិបត្តិការដែលមានកិច្ចធានា និងភតិសន្យាហិរញ្ញវត្ថុ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកសម្របសម្រួល និងដឹកនាំការងារនេះ។