ក្រសួងពាណិជ្ជកម្មជួយធនាគារអេស៊ីលីដា (ACLEDA) រៀបចំស្លាកសញ្ញាថ្មី


អនុលោមតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំបន្ទាន់ជាមួយ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីរៀបចំស្លាកសញ្ញាថ្មីសម្រាប់ធនាគារ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មស្លាកសញ្ញាថ្មី ដើម្បីទាក់ទាញទំនុកចិត្តរបស់សាធារណជន ដែលជាតម្រូវការរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់មន្ត្រីនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ធ្វើកិច្ចសហការជាមួយតំណាងធនាគារអេស៊ីលីដា ដើម្បីរៀបចំលិខិតស្នាម សម្រាប់ចុះបញ្ជីការស្លាកសញ្ញាថ្មីជូនធនាគារ ឲ្យបានចប់សព្វគ្រប់នៅសប្តាហ៍ក្រោយ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីជំនាញ បន្តពិនិត្យមើលស្លាកសញ្ញារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ ដែលមានបញ្ហាស្រដៀងគ្នាជាមួយករណីធនាគារអេស៊ីលីដា ដើម្បីលុបបំបាត់ការភាន់ច្រលំរបស់សាធារណជន ចំពោះការបំពេញប្រតិបត្តិការរបស់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុសាធារណៈដូចជាធនាគារជាតិនៃកម្ពុជា។
ជាការឆ្លើយតប លោកបណ្ឌិត អ៊ិន ចាន់នី បានឯកភាពធ្វើការផ្លាស់ប្តូរស្លាកសញ្ញាថ្មី សម្រាប់ធនាគារអេស៊ីលីដា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ព្រមទាំងមន្ត្រីជំនាញ ដែលបានជួយសម្របសម្រួលដំណើរការរៀបចំផ្លាស់ប្តូរស្លាកសញ្ញាថ្មី ដើម្បីធនាគារអាចរក្សាប្រតិបត្តិការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជនទាំងក្នុង និងក្រៅប្រទេសដូចធម្មតា៕