អាជ្ញាធរខេត្តកណ្តាល ចុះចែកម៉ាស និងសាប៊ូ ដល់កម្មករ និងណែនាំឲ្យមានការប្រុងប្រយ័ត្តខ្ពស់ ចំពោះជំងឺកូវីដ-១៩


(ខេត្តកណ្ដាល)÷ ដើម្បីចូលរួមពង្រឹងក្នុងការពារ ការឆ្លងរីករាលដាលនូវមេរោគ កូវីដ-១៩ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ព្រមទាំងមន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ បានចុះចែកម៉ាស និងសាប៊ូ ដល់កម្មករ កម្មការនី ចំនួន ២២១នាក់ ដែលកំពុងបម្រើការងារក្នុងរោងចក្រផលិតការបូបគ្រប់ប្រភេទ ឌឹ ប៊ែកសាក់ ឯ.ក (The Bagsac Co.LTD) ដែលស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ក្នុងការចុះនេះ លោកជំទាវអភិបាលរងខេត្ត បានធ្វើការពន្យល់ណែនាំដល់កម្មករ កម្មការនីទាំងអស់ អំពីវិធីសាស្ត្រក្នុងបង្ការ និងទប់ស្កាត់ និងវិធីការពារខ្លួនកុំឲ្យឆ្លងរោគ កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយយើងទាំងអស់គ្នា ត្រូវតែលាងដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ ជែលលាងដៃ ឬទឹកអាកុលជាដើម ជាពិសេសត្រូវពាក់ម៉ាសជានិច្ច ដើម្បីរក្សាសុខភាពឲ្យបានល្អ។
លោកជំទាវបានបន្តថា បើក្នុងករណីមិនស្រួលខ្លួន ឬមានការសង្ស័យ ថាបានឆ្លងជំងឺកូវីដ-១៩ សូមទាក់ទងទៅ អាជ្ញាធរ អ្នកដែលផ្តល់សេវាសុខភាព ឬមន្ទីពេទ្យ ដើម្បីទទួលបានការធ្វើតេស ពិនិត្យសុខភាព និងព្យាបាលបានទាន់ពេលវេលា។

លោកជំទាវបានបញ្ជាក់ថា បញ្ហាសុខភាពគឺជារឿងសំខាន់ណាស់ យើងមិនត្រូវមើលរំលងឡើយ ក្នុងការថែទាំសុខភាពឲ្យបានល្អប្រសើរ ពោលគឺការពារប្រសើរជាងព្យាបាល ដែលតម្រូវឲ្យយើងទាំងអស់គ្នាត្រូវតែស្អាត និងមានអនាម័យជានិច្ច ត្រូវចេះការពារខ្លួនយើង ក៏ដូចការពារ បងប្អូន មិត្តភក្ដិ ក្រុមគ្រួសារយើង កុំឲ្យឆ្លងនូវជំងឺផ្សេងៗមិនថាតែជំងឺកូវីដ-១៩នោះទេ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំក្នុងការផ្សព្វផ្សាយអប់រំ អំពីវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការធ្វើអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់មិត្តភក្តិ បងប្អូន ឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។

សូមជម្រាបថា ក្នុងការចុះចែកម៉ាស និងសាប៊ូ ដល់កម្មករ កម្មការិនីទាំង ២២១នាក់នោះ គឺក្នុងម្នាក់ទទួលបានសាប៊ូ១ដុំ និងម៉ាសចំនួន២(ជាប្រភេទម៉ាស់ដែលអាចបោកទឹកប្រើប្រាស់ឡើងវិញបាន)។