អាជ្ញាធរខេត្តកណ្តាល ចុះចែកម៉ាស់ សាប៊ូ ជូនបងប្អូនកម្មករ កម្មការិនី រោងចក្រ នៅស្រុកកណ្ដាលស្ទឹង


ខេត្តកណ្តាល៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការឧបត្ថម្ភគាំទ្រដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអង្គស្នួល អាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធនានា បានចុះចែកម៉ាស់ សាប៊ូវ ជូនបងប្អូនកម្មករ កម្មការិនី រោងចក្រ សាន់ បូ អេនធើប្រាយ (SUN BOW ENTERPRISES)ស្ថិតនៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាលទៅកាន់ បងប្អូន កម្មករ កម្មការិនី ឯកឧត្ដម នៃ ចារី បានណែនាំអំពីវិធានការណ៍ ការពារខ្លួនប្រាណ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាដើម្បីការពារខ្លួនឯងផងដែរ។ ឯកឧត្ដម បានផ្ដាំផ្ញើដល់បងប្អូនកម្មករ កម្មការិនី ទាំងអស់មិនត្រូវមានការធ្វេសប្រហែសជាមួយជំងឺកូវីដ១៩ឡើយ បើទោះបីជានៅប្រទេសកម្ពុជារបស់យើង មានស្ថានភាពប្រសើរក៏ដោយក្ដី តែនៅទូទាំងពិភពលោកមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះយើងត្រូវតែ អនុវត្តអោយបានជាប្រចាំនូវ ការសំអាតអនាម័យខ្លួនប្រាណ លាងសំអាងដៃជាមួយសាប៊ូ អាកុល ឬជែល ចេញក្រៅត្រូវពាក់ម៉ាស់ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ឯកឧត្ដមអភិបាលរងខេត្ត បានស្នើដល់បងប្អូន កម្មករ កម្មការិនី ទាំងអស់ក្នុងករណីមិនស្រួលខ្លួន ឬមានការសង្ស័យ ថាបានឆ្លងជំងឺកូវីដ-១៩ សូមទាក់ទងទៅ អាជ្ញាធរ អ្នកដែលផ្តល់សេវាសុខភាព ឬមន្ទីពេទ្យបង្អែកដែលនៅជិត ដើម្បីទទួលបានការធ្វើតេស ពិនិត្យសុខភាព និងព្យាបាលបានទាន់ពេលវេលា។ ព្រោះថាបញ្ហាសុខភាពគឺជារឿងសំខាន់ណាស់ យើងមិនត្រូវមើលរំលងឡើយ ក្នុងការថែទាំសុខភាពឲ្យបានល្អប្រសើរ ពោលគឺការពារប្រសើរជាងព្យាបាល ដែលតម្រូវឲ្យយើងទាំងអស់គ្នាត្រូវតែស្អាត និងមានអនាម័យជានិច្ច ត្រូវចេះការពារខ្លួនយើង ក៏ដូចការពារ បងប្អូន មិត្តភក្ដិ ក្រុមគ្រួសារយើង កុំឲ្យឆ្លងនូវជំងឺផ្សេងៗមិនថាតែជំងឺកូវីដ-១៩នោះឡើយ។
គួរបញ្ជាក់ផងដែរថា ទូទាំងស្រុកកណ្ដាលស្ទឹងមានរោងចក្រទាំងអស់ចំនួន ១៧រោចក្រ និងមានចំនួនកម្មករ កម្មការិនី សរុប១១,៨៦៥នាក់ ក្នុងនោះ រោងចក្រ សាន់ បូ អេនធើប្រាយ (SUN BOW ENTERPRISES) មានកម្មករ កម្មការិនី ចំនួន ៦,៦៩៨ នាក់ ដោយម្នាក់ៗទទួលបានម៉ាសចំនួន២ និងសាប៊ូមួយដុំ៕