សម្តេចក្រឡាហោម ស ខេង ផ្តល់គោលការណ៍ណែនាំ៤ចំណុច ដើម្បីធានាឲ្យរដ្ឋបាលរាជធានី-ខេត្ត ផ្តល់សេវាសុខាភិបាលមានប្រសិទ្ធភាពខ្ពស់


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

ពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ.ជ.អ.ប, តំណាងក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ, ក្រសួងផែនការ, ក្រសួងកិច្ចការនារី, ក្រសួងសុខាភិបាល, លេខាធិការដ្ឋាន គជអប, ប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានី-ខេត្តទាំង២៥, និងអ្នកពាក់ព័ន្ធសរុបប្រមាណ ១៤៩រូប៕

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានផ្តល់គោលការណ៍ណែនាំចំនួន ៤ចំណុច ដែលត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តន៍ ដើម្បីធានាឲ្យរដ្ឋបាលរាជធានី-ខេត្តទាំង២៥ អាចចាប់ផ្តើមគ្រប់គ្រង ចាត់ចែងមុខងារផ្តល់សេវាសុខាភិបាល ដែលបានផ្ទេរឲ្យនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមស្មារតីនៃអនុក្រឹត្យស្តីពី «ការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត»។

គោលការណ៍ណែនាំទាំង ៤ចំណុចនោះ រួមមាន៖

* ការផ្សព្វផ្សាយបន្តនៅថ្នាក់រាជធានី-ខេត្ត៖ រដ្ឋបាលរាជធានី-ខេត្តនីមួយៗ ត្រូវរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តសាមីនីមួយៗ ឲ្យបានទូលំទូលាយជូនដល់ថ្នាក់ដឹកនាំ នៃមន្ទីរជំនាញរាជធានី-ខេត្ត។ ក្នុងការរៀបចំពិធីផ្សព្វផ្សាយនេះ ត្រូវអនុវត្តន៍តាមវិធានការរបស់ក្រសួង សុខាភិបាលដើម្បីធានាដល់ការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

* ការគ្រប់គ្រងបុគ្គលិកដែលបានផ្ទេរទៅឲ្យ៖ ជារួមបុគ្គលិកសុខាភិបាលប្រមាណជាង ២ម៉ឺននាក់ ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលរាជធានី-ខេត្តសាមីនីមួយៗ។ ទោះបីបុគ្គលិកទាំងនេះ នៅតែបន្តស្ថិតក្នុងអង្គសុខាភិបាលក៏ដោយ ក៏ប៉ុន្តែបុគ្គលិកទាំងនេះ ត្រូវបានផ្ទេរទៅស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់រដ្ឋបាលរាជធានី-ខេត្តសាមីនីមួយៗ ដែលត្រូវអនុវត្តតាមគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិក ស្របតាមលក្ខន្តិកៈដោយឡែក សម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ ការគ្រប់គ្រងបុគ្គលិក ជាពិសេសការតែងតាំង ការផ្លាស់ប្តូរបុគ្គលិក គឺជាកិច្ចការរសើប។ អាស្រ័យហេតុនេះ ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលរាជធានី-ខេត្តត្រូវគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់បុគ្គលិកទាំងនេះ ប្រកបដោយតម្លាភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់។

* ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ថវិកា៖ ថវិកាដែលត្រូវផ្ទេរទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត សម្រាប់អនុវត្តន៍មុខងារផ្តល់សេវាសុខាភិបាល គឺជាថវិកាផ្ទេរដោយមានភ្ជាប់លក្ខខណ្ឌ។ អាស្រ័យហេតុនេះ ក្រុមប្រឹក្សា និងគណៈអភិបាលរដ្ឋបាលរាជធានី-ខេត្ត ត្រូវមានការយល់ដឹងឲ្យបានច្បាស់អំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការប្រើប្រាស់ថវិកាផ្ទេរមានភ្ជាប់លក្ខខណ្ឌនេះ។ ជារួម រដ្ឋបាលរាជធានី-ខេត្តនីមួយៗ មិនអាចយកថវិកាមានភ្ជាប់លក្ខខណ្ឌនេះ ទៅប្រើប្រាស់សម្រាប់អនុវត្តមុខងារផ្សេងទៀត ក្រៅពីមុខងារសុខាភិបាលដែលបានប្រគល់ឲ្យនេះបានឡើយ។ ផ្ទុយមកវិញ រដ្ឋបាលរាជធានី-ខេត្តអាចសម្រេចយកថវិកាដែលកៀរគរបាន ពីប្រភពស្របច្បាប់នានា មកប្រើប្រាស់លើការអនុវត្តមុខងារផ្តល់សេវាសុខាភិបាល ដើម្បីធានាដល់ការលើកកម្ពស់ទាំងគុណភាព និងបរិមាណនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

* ការផ្ទេរទ្រព្យសម្បត្តិ៖ លេខាធិការដ្ឋាន គ.ជ.អ.ប.ត្រូវបន្តសម្របសម្រួលជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពន្លឿនការផ្ទេរទ្រព្យសម្បត្តិនានា ពាក់ព័ន្ធនឹងមុខងារសេវាសុខាភិបាល ដែលបានប្រគល់ទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត ឲ្យបានរួចរាល់នៅក្នុងឆ្នាំ២០២០នេះ។

បើតាមសម្តេចក្រឡាហោម ស ខេង រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ថវិកា ១៦៦លានដុល្លារអាមេរិក ដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអនុវត្តសេវាសុខាភិបាលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម គ.ជ.អ.ប. សម្ដេចក្រឡាហោមបានបញ្ជាក់ជាថ្មី អំពីការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការ បន្តអនុវត្តន៍ ឲ្យកាន់តែស៉ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ ដើម្បីរួមចំណែកជំរុញល្បឿន នៃ ការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពចម្រើនរុងរឿងផងដែរ៕