រដ្ឋមន្ត្រីក្រសួងធម្មការ​ និងសាសនា​ អញ្ជើញចុះទៅជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន ២៥៥គ្រួសារ ក្នុងស្រុកកោះអណ្តែត​ ខេត្តតាកែវ


ខេត្ដតាកែវ៖ ព្រឹកថ្ងៃសៅរ៍ ១រោច​ ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦​ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត​ សុខុន​ រដ្ឋមន្ត្រីក្រសួងធម្មការ​ និងសាសនា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកោះអណ្តែត​ និងមូលដ្ឋានឃុំធ្លាប្រជុំ ខេត្តតាកែវ អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាននិងសហការី អភិបាលរងខេត្ត​ ព្រមទាំងប្រធានក្រុមប្រឹក្សា អភិបាលស្រុក​ អាជ្ញាធរនៅមូលដ្ឋាន បានអញ្ជើញចុះទៅជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន ២៥៥គ្រួសារ មកពីភូមិ​រូង​ ឃុំធ្លាប្រជុំ​ ស្រុកកោះអណ្តែត​ ខេត្តតាកែវ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់សារជាថ្មីម្តងទៀតពីសារ:សំខាន់ចាំបាច់នូវអនុសាសន៍ដឹកនាំរបស់រាជរដ្ឋាភិបាល និងការអនុវត្តដោយខ្ជាប់ខ្ជួននូវការណែនាំវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាលក្នុងការបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការរួបរួមកម្លាំងសាមគ្គីជួយយកអាសារគ្នារវាងប្រជាជនម្នាក់ៗ គ្រួសារនីមួយៗនិងសហគមន៍ភូមិនីមួយៗជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមដោះស្រាយឱ្យបានជាក់ស្តែងនិងមានប្រសិទ្ធភាពនូវផលប៉ះពាល់ទាំងឡាយទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច អប់រំ។ល។ ដែលបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ១៩។

ឯកឧត្ដម​រដ្ឋមន្រ្តី​ បានផ្តាំផ្ញេីរឱ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវជួយប្រជាពលរដ្ឋជម្នះពុះពារបញ្ហាប្រឈមជាចម្បងក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ និងអនាម័យ​ ដេីម្បីកុំឱ្យឆ្លងជំងឺ​កូវីដ-១៩។

ក្នុងឱកាសនោះដែរ តំណាងគ្រួសារនីមួយៗបានទទួលអំណោយជាអង្ករ​ ១០​kg មី​ ត្រីខ​ និងសម្ភារៈមួយចំនួន​ និងថវិកាមួយម៉ឺនរៀល​ របស់លោកជំទាវ​ និន​ សាផុន​ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ។