រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការបង្ការការពារទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋសាសនិកឥស្លាមក្រីក្រចំនួន១៧០ គ្រួសារ ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ


ខេត្តតាកែវ: ព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការបង្ការការពារទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋសាសនិកឥស្លាមក្រីក្រចំនួន១៧០ គ្រួសារស្ថិតនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ច លើវិស័យសាសនានៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសាសនាឥស្លាមផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាពិសេស ឯកឧត្តមវេជ្ជ. សុះ មុះស៊ិន ដែលខិតខំស្វែងរកជំនួយមនុស្សធម៌ ចែករំលែកជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត ដូចពេលនេះ បានយ៉ាងល្អប្រសើរ និងអធិកអធមគួរជាទីមោទនៈ និងក្នុងរយៈពេលកន្លងមកនេះ ស្ថាប័នគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ថ្នាក់ដឹកនាំឥស្លាម អង្គការ សមាគមឥស្លាមក្នុងប្រទេសនិងក្រៅប្រទេស មានសកម្មភាពដូចភ្លៀងរលឹម នៅក្នុងសហគមន៍ឥស្លាមរបស់ខ្លួនជាអាទិ៍មាន ៖ ការកសាងវិហារ សាលារៀនឥស្លាម អណ្ដូងតូចធំ បង្គន់អនាម័យ ការបើកវគ្គសិក្ខាសាលា ការចុះអប់រំ ណែនាំ ផ្សព្វផ្សាយ ស្ដីពីអំពើល្អរបស់សាសនាឥស្លាម, ការកសាងអំពើល្អ ហាមឃាត់អំពើអាក្រក់ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសហគមន៍បងប្អូននិងសង្គមជាតិ ស្ដីពីការងារគ្រប់គ្រងរបស់ថ្នាក់ដឹកនាំឥស្លាម ចំពោះសហគមន៍របស់ខ្លួន។
ឯកឧត្ដមរដ្ឋមន្រ្តី បានផ្តាំផ្ញើរឱ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវជួយប្រជាពលរដ្ឋជម្នះពុះពារបញ្ហាប្រឈមជាចម្បងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងអនាម័យ ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ-១៩។
ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្រ្តី បានមានប្រសាន៍លើកឡើងថា រាជរដ្ឋាភិបាលដែលមាន សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បាននឹងខិតខំយ៉ាងសកម្ម ប៓ផុតក្នុងការរក្សាសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព ការពង្រឹង និងពង្រីកខឿនសេដ្ឋកិច្ចជាតិ និងការធ្វើឲ្យមានវឌ្ឍនភាពវប្បធម៌ ប្រពៃណី ក៏ដូចជាការបង្កនូវបរិយាកាសយោគយល់ ចុះសម្រុងគ្នា និងភាពសុខដុមរមនា រវាងសាសនិកនៃសាសនាទាំងឡាយនៅកម្ពុជា ដើម្បីឈានទៅកាន់ការអភិវឌ្ឍសង្គមជាតិ។ រាជរដ្ឋាភិបាលតែងតែស្វាគមន៍ជានិច្ចនូវរាល់សកម្មភាពគ្រប់សាសនានៅកម្ពុជា ដែលមានលក្ខណៈជាការអភិវឌ្ឍសង្គមជាតិ ដោយគោរពច្បាប់ប្រទេសជាតិ។