ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ គណៈកម្មាការបច្ចេកទេសជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩


(ក្រសួងផែនការ)៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ គណៈកម្មាការបច្ចេកទេសជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាការបច្ចេកទេស ព្រមទាំងតំណាងអង្គការ UNFPA និងអ្នកជំនាញការ ចូលរួមផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យនូវវឌ្ឍនភាពការងារជំរឿនដែលសម្រេចបាន បញ្ហាប្រឈមនានា និងពង្រាងរបាយការណ៍លទ្ធផលចុងក្រោយ នៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ការប្រឹក្សាផ្តល់យោបល់ពីអ្នកជំនាញការអន្តរជាតិ ដើម្បីធានា និងជំរុញអោយទិន្នន័យទាំងអស់មានគុណភាព មានភាពជឿជាក់ ស្របតាមលក្ខណៈស្តង់ដារអន្តរជាតិ និងត្រៀមលក្ខណៈក្នុងផ្សព្វផ្សាយជាផ្លូវការនាពេលឆាប់ៗខាងមុខ។