ក្រសួងសាធារណការ៖ ចាប់ពីខែកក្កដានេះតទៅ ការយឺតយ៉ាវលើសពី៣០ថ្ងៃ លើសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក នឹងរងការផាកពិន័យ


(ភ្នំពេញ)៖ ចាប់ពីខែកក្កដា ឆ្នាំ២០២០នេះតទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមធ្វើការផាកពិន័យលើការផុតសុពលភាពលើសពី៣០ថ្ងៃ នៃសេវា សាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកដូចជា៖ លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន, ការចុះបញ្ជីរថយន្តផ្លាកលេខ AT ឡើងវិញ, ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស គ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត, បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាត ឱ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា សម្រាប់ការយឺតយ៉ាវ លើសពី៣០ថ្ងៃ ឡើងនៅក្នុងការបន្តសុពលភាពបណ្ណបើកបរយានយន្ត និងរងការផាកពិន័យមួយថ្ងៃ៥០០រៀល, ការចុះបញ្ជីរថយន្តផ្លាកលេខ AT (នាំចូលក្រោមរបបគយ) ឡើងវិញ រងការផាកពិន័យមួយថ្ងៃ ២០០០រៀល, ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) សម្រាប់រថយន្តធុនតូច រងការផាកពិន័យ មួយថ្ងៃ៥០០រៀល, ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) សម្រាប់រថយន្តធុនធំ រងការផាកពិន័យមួយថ្ងៃ ២០០០រៀល រួមទាំងមានសេវាផ្សេងៗមួយចំនួនទៀតផងដែរ។

ក្រសួងសាធារណការ ក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទៅទទួលសេវាឱ្យបានទាន់ពេលវេលា ជៀសវាងការខាតបង់ ឬប្រឈមមុខនឹងការផាកពិន័យ និងដើម្បីធានា ការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព។ សម្រាប់សេចក្ដីជូនដំណឹងពីការផាកពិន័យ៖ shorturl.at/qHM68 , កម្រៃសេវាសាធារណៈ៖ https://mpwt.gov.kh/kh/documents/declaration/239 ។ ប្រឹក្សាយោបល់លើសេវាសាធារណៈ៖ 015 92 90 90 | 085 92 90 90 | 067 92 90 90 ៕