សៀមរាប៖ លោក លី ប៊ុនណា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបថ្មី ជំនួសលោក សយ ទិត្យាវង្ស ដែលបានចូលនិវត្ត។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមាន ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ និងមន្ត្រីអប់រំ ជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ផ្ដាំផ្ញើជូនប្រធានមន្ទីរអប់រំថ្មី ពិសេសពាក់ព័ន្ធនឹងការងារវិស័យអប់រំក្នុងអំឡុងនៃវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងបានថ្លែងអំណរគុណដល់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំចាស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងដឹកនាំបំពេញការងារ វិស័យអប់រំ យុវជន និងកីឡាខេត្តសៀមរាប។ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់។
ក្នុងឱកាសនៃការឡើងកាន់តំណែងនេះលោក លី ប៊ុនណា បានធ្វើការប្តេជ្ញាចិត្តខិតខំយកចិត្តទុកដាក់បំពេញការងារអប់រំយ៉ាងអស់ពីកម្លាំងកាយចិត្ត ស្របតាមកំណែទម្រង់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងដាក់គោលដៅឆ្ពោះទៅរកការអប់រំបែបឌីជីថល៕