នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ លោក ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារក្រសូងធនធានទឹកនិងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះធ្វើការត្រួតពិនិត្យលើការដ្ឋានគម្រោងរបស់ធនាគារអភិវឌ្ឍអាស៊ី នៅក្នុងតំបន់ស្ទឹងតាំងក្រសាំង ស្ទឹងកំពង់ត្រាច-កីចក និងក្នុងតំបន់ទន្លេវ៉ៃកូ ។
តាមរយៈការចុះពិនិត្យនៅពេលនេះ ក្រុមការងារបានសម្រេចជ្រើសរើសយកទីតាំងមួយចំនួន ដើម្បីធ្វើអនុត្តរភាព ពង្រីកផ្ទៃដីស្រោចស្រព និងទាញទឹកឲ្យទៅកាន់តែកៀកនឹងស្រែរបស់បងប្អូនប្រជាកសិករ ។ ទីតាំងដែលត្រូវបើកការដ្ឋាន នាពេលខាងមុខឆាប់ៗនេះមាន ៖
១- ការដ្ឋានប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ៖
– បន្តពង្រីកប្រឡាយបេតុង ទៅកាន់តំបន់ឃុំជ្រាប់ និងឃុំកកោះ ។
– រៀបចំប្រព័ន្ធប្រឡាយរង ក្នុងតំបន់ឃុំទីប៉ូ ។
២- រៀបចំការធ្វើអនុត្តរភាពលើប្រព័ន្ធធារាសាស្រ្តអូរក្រញ៉ាក ក្នុងតំបន់ស្ទឹងស្ទោង ។
៣- ទាញយកបទពិសោធន៍ដ៏ជោគជ័យលើការធ្វើអនុត្តរភាព ប្រព័ន្ធធារាសាស្រ្តវៃកូ ដែលបានអនុវត្ត ២ ទីតាំងកន្លងមក ទៅរៀបចំទីតាំងទី ៣ និងទីតាំងបន្តបន្ទាប់ទៀត ។
៤- អនុវត្តជំហានបញ្ចប់ប្រព័ន្ធមេ កីចក ឲ្យបានឆាប់ និងបន្ទាប់មកត្រូវរៀបចំការធ្វើអនុត្តរភាពនៅប្រព័ន្ធនេះទាំងមូល ៕