សៀមរាប ៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Youtaka Kannari ប្រធាន NPO Kyosei Forum និងជាប្រធាន Genkimura Group, Japan ស្ដីអំពីដំណើរការរបស់មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាព កម្ពុជា-ជប៉ុន ខេត្តសៀមរាប ។
ឯកឧត្ដមរដ្ឋមន្ត្រីបានគាំទ្រ និងវាយតម្លៃខ្ពស់ទៅលើការងារបណ្ដុះបណ្ដាលរបស់មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាព កម្ពុជា-ជប៉ុន ខេត្តសៀមរាប និងបានស្នើសុំឱ្យភាគីជប៉ុនបន្តសកម្មភាពអប់រំនូវជំនាញបច្ចេកទេសដល់គរុសិស្ស និងក្មួយៗសិស្សានុសិស្សដើម្បីជួយឱ្យពួកគាត់ទទួលបាននូវជំនាញមួយពិតប្រាកដសម្រាប់ជាទុនទៅថ្ងៃអនាគត ។
នាឱកាសនោះដែរភាគីជប៉ុនបានជូនលិខិតអញ្ជើញឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាទៅទស្សនកិច្ចនៅវិទ្យាល័យ URAWA ប្រទេសជប៉ុន ដើម្បីបង្ហាញនូវគំរូល្អៗដែលវិទ្យាល័យ URAWA បានអនុវត្តកន្លងមក និងដើម្បីរក្សានូវចំណងមិត្តភាពលើវិស័យអប់រំ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ។