ក្រុមប្រឆាំងក្នុងសហរដ្ឋអាម៉េរិក បានថ្លែងថា គេគ្រោងនឹងធ្វើបាតុកម្មមួយប្រឆាំង នឹងដំណើររបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងសហរដ្ឋអាម៉េរិកនាពេលខាងមុខនេះ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើសិនជាក្រុមទាំងនោះគិតថា បាតុកម្មប្រឆាំងនោះមានប្រយោជន៍ សម្តេចក៏មិនអាចឃាត់ឃាំងបានដែរ ដោយសារនោះគឺជាមុខជំនាញរបស់ក្រុមអ្នកប្រឆាំងទៅហើយ ។ ប៉ុន្តែសម្តេចបានមានប្រសាសន៍បញ្ជាក់ប្រាប់អ្នករៀបចំធ្វើបាតុកម្មនោះវិញទៀតថា ពួកគេក៏ត្រូវទទួលស្គាល់សិទ្ធិបាតុកម្មរបស់អ្នកគាំទ្រសម្តេច ប្រឆាំងនឹងមេដឹកនាំរបស់ពួកគេនៅក្នុងប្រទេសវិញផងដែរ ។
ប្រសាសន៍បញ្ជាក់តបរបស់សម្តេច បានធ្វើក្នុងហ្វេសប៊ុកនៅថ្ងៃនេះ ក្រោយមានការសរសេរពីអ្នករៀបចំម្នាក់ ដែលមានគណនី Facebook ឈ្មោះ Brady young ។ Facebook របស់ឈ្មោះ brady young បានចូលក្នុងហ្វេសប៊ុកសម្តេច និងសរសេរថា ពួកគេជាខ្មែរអាម៉េរិក័ង គ្រោងរៀបចំបាតុកម្មអហិង្សា សម្រាប់ទទួលស្វាគមន៍វត្តមានសម្តេច ដែលពួកគេនិយាយថា សម្តេចនឹងអញ្ជើញទៅ Palm Springer នៃរដ្ឋ California ។
សូមជម្រាបថា សម្តេចតេជោសែន គ្រោងនឹងអញ្ជើញទៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាម៉េរិក អាស៊ាន នៅរដ្ឋកាលីហ្វ័រនី នៅរង្វង់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០១៦ ខាងមុខនេះ។ ដំណើររបស់សម្តេចទៅសហរដ្ឋអាម៉េរិក ត្រូវគេឃើញតែងរងការធ្វើបាតុកម្មពីក្រុមអ្នកប្រឆាំង នៅក្រៅប្រទេសជារៀងរាល់ដង ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំង មិនដែលហ៊ានទទួលស្គាល់នូវផែនការណ៍ដែលពួកគេបានធ្វើនោះទេ… ដូចជាបាតុកម្មដែលធ្វើនៅញូយ៉កកាលពីខែកញ្ញា ឆ្នាំ ២០១៥ កន្លងមកនេះ គ្រាដែលសម្តេចបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិជាដើម ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុកថា មេដឹកនាំបក្សប្រឆាំងបដិសេធថា មិនពាក់ព័ន្ធជាមួយបាតុកម្មនៅញូយ៉កនោះទេ ប៉ុន្តែរបាយការណ៍ហិរញ្ញវត្ថុនៃបក្សប្រឆាំង នៅរដ្ឋមួយបានបញ្ជាក់ថា បានចំណាយធ្វើបាតុកម្មថ្ងៃ២៦ ខែ កញ្ញា ឆ្នាំ ២០១៥ នៅញូយ៉កនោះ ។