រដ្ឋមន្រ្តីការបរទេសអាម៉េរិក John Kerry កំពុងទស្សនកិច្ចកម្ពុជា


     រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​អាម៉េរិកក័ង លោក John Kerry បានអញ្ជើញ​មកកម្ពុជា​ល្ងាច​ថ្ងៃ​ទី ២៥ មករា​នេះ ​ក្រោយ​ការ​បញ្ចប់​ទស្សនកិច្ច​ក្នុង​ប្រទេស​ឡាវ​ រួចមក ។​

     លោក John Kerry គឺ​ជា​រដ្ឋមន្ដ្រី​ការ​បទេស​អាម៉េរិកក័ង​លើក​ទី៦៨ ក្រោយ​ការ​ចូល​កាន់​តំណែង​តាំងពីថ្ងៃទី១ ខែកុម្ភៈ ​ឆ្នាំ ២០១៣ បន្ទាប់​ពី​ លោកស្រី ហ៊ីល ឡារី​គ្លីនតុន បាន​លាលែង​ចេញ​ពីតំណែង។ ដំណើរ​របស់​ លោក John Kerry នៅ​កម្ពុជា និង​តាម​បណ្ដា​ប្រទេស​ខ្លះ​ក្នុង​អាស៊ាន ត្រូវ​គេរាយការណ៍​ថា គឺ​ជា​ដំណើរ​មួយ​ ក្នុង​ការ​ត្រួសត្រាយ​ផ្លូវរក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាម៉េរិកក័ង​ នៅ​ខែកុម្ភៈ​ ខាងមុខ​នេះ​ ក្នុង​រដ្ឋកាលីហ្វ័រនី ។ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាម៉េរិក​ ក្នុង​រដ្ឋកាលីហ្វ័រនី ​ត្រូវ​គេ​ជូន​ដំណឹងថា និង​ធ្វើ​ពីថ្ងៃទី១៥ ដល់​១៦ ខែកុម្ភៈ នៅ​ក្រុង​ជាប់មាត់​ទឹក Rancho Mirage ។

     សហរដ្ឋ​អាម៉េរិក​ចង់​ប្រើប្រាស់​អាស៊ាន​ ក្នុង​ការ​រក​តុល្យភាព​មួយ​ទប់ទល់ នឹង​ឥទ្ធិល​របស់​ប្រទេសចិន​ផងដែរ ។ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាម៉េរិក​នៅ​ពាក់​កណ្ដាល​ខែកុម្ភៈនេះ នឹង​មាន​ការចូលរួម​ដោយ​ប្រធានាធិបតី​អាម៉េរិក លោក ​បារ៉ាក់ អូបាម៉ា

     រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ ឯកឧត្តម អ៊ុច ​បូរិទ្ធ ​បាន​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ ក្នុងការ​ទទួលស្វាគមន៍​ដំណើរ​អញ្ចើញ​មក​ដល់​របស់​ លោក John Kerry នៅ​ព្រលាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ ។ មន្ដ្រី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់​ លោក John Kerry គឺ​ដើម្បី​ជម្រុញ និង​ពង្រឹង​បន្ថែម​ទៀត​ នូវទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង២ ។

     នៅ​ថ្ងៃទី២៦ ខែមករា​នេះ លោក​ John Kerry នឹង​ជួបសម្ដែង​ការ​គួរសម​ចំពោះ​ សម្ដេច​តេជោសែន ​នាយករដ្ឋមន្ដ្រី និង​ជួប​ចរចា​ផ្លូវការជា​មួយ នឹង ឯក​ឧត្តម​ឧបនា​យករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស ។