សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ ២០១៦ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ


នៅវិមានសន្តិភាព នារសៀលថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ ២០១៧ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សម្តេចតេជោនាយករដ្ឋមន្រ្តី សោមនស្សរីករាយចំពោះការខិតខំប្រឹងប្រែងរបស់ ក្រសួងការបរទេស កម្ពុជា ដែលបានខិតខំជំរុញវិស័យការទូតបានកាន់តែល្អប្រសើរ។ បច្ចុប្បន្នកម្ពុជាបានចូលរួមក្នុង សកម្មភាពមនុស្សធម៍អន្តរជាតិយ៉ាងច្រើន ជាពិសេសជាមួយអង្គការសហប្រជាតិ។ សម្តេចតេជោ បាន មើលឃើញអំពីកង្វះខាត និងសេចក្តីត្រូវការចាំបាច់របស់ស្ថានទូត ខ្មែរនៅបរទេស ដែលកាលពីរសៀល ថ្ងៃមិញនេះ សម្តេចតេជោបានសម្រេចផ្តល់ថវិកាបន្ថែម ២លានដុល្លារ ដើម្បីទិញសំភារៈមធ្យោបាយប្រើប្រាស់អោយបានសមរម្យ។ ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ តែងតែគិតគូរអំពីសុខ ទុក្ខមន្រ្តីរាជការ ជាពិសេសការតម្លើងប្រាក់ខែដែលមិនតិចជាង ៩៥ម៉ឺន ដែលនឹងត្រូវតម្លើងរួមជាមួយ ប្រាក់ឧបត្ថម្ភ ៥០,០០០ ម៉ឺនរៀល ក្នុងម្នាក់ៗនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០១៧ នេះទៀតផង។
សម្តេចតេជោ បានផ្តល់អនុសាសន៍ និងចែករំលែកនូវបទពិសោធន៍ល្អៗជា ច្រើនដល់មន្រ្តីទូតដែលកំពុង បំពេញបេសកម្មទាំងនៅក្នុងស្រុក និងក្រៅប្រទេសដើម្បីប្រតិបត្តិការងារមានប្រសិទ្ឋភាពល្អ ជាពិសេស ក្នុងការផ្តល់នូវសេវានានាដល់ពលរដ្ឋកម្ពុជានៅក្រៅប្រទេស និងទេសចរជាដើម។ ទោះបីកំណើន សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៧.៧% ក្តី ប៉ុន្តែយើងត្រូវខិតខំអោយខ្លាំងឡើងថែមទៀត។ សម្តេចតេជោ បានស្នើអោយមន្រ្តីការទូតនៅបរទេសប្រើប្រាស់ជំនាញ ហើយសកម្មចូលរួមផ្សព្វផ្សាយអំពីសក្តានុពល កម្ពុជា ដើម្បីទាក់ទាញទេសចរ ពាណិជ្ជករ និងអ្នក វិនិយោគទុនមកកម្ពុជាអោយបានកាន់តែច្រើនឡើង ថែមទៀត។ ចំណុចសំខាន់មួយទៀតដែល សម្តេចតេជោ បានលើកឡើង គឺត្រូវមានទំនាក់ទំនងការ ទូតល្អជាមួយប្រទេសជិតខាង ដែលនាំមកនូវសន្តិភាព សហប្រតិបត្តិការ និងផលប្រយោជន៍សម្រាប់ន៍ប្រជាជាតិយើងទាំងអស់គ្នា។
មុននឹងបិទពិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិត្តិយសប្រគល់គ្រឿង ឥស្សរិយសដល់មន្រ្តីទូតដែលមានស្នាដៃល្អៗ។ សម្តេចតេជោ ជូនពរអោយមន្រ្តីការទូតយើងទាំងអស់ ទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏មានសារៈសំខាន់របស់ប្រទេសជាតិ៕