នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកជំទាវ Paula Albertson មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការវិស័យការងារ នៃការិយាល័យវិស័យការងារអន្តរជាតិនៃក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលជួបពិភាក្សាការងារ។ ក្នុងជំនួបនេះភាគីសហរដ្ឋអាមេរិក បានសំដែងនូវការពេញចិត្តជាខ្លាំងនូវភាពរីកចំរើនរបស់កម្ពុជាដែលក្នុងនោះ ក៏ជាចំណែកមួយ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើការរួមគ្នាអនុវត្តនូវគោល នយោបាយពាណិជ្ជកម្មផ្សាភ្ជាប់នឹងបទដ្ឋានការងារ។ លោកជំទាវ Paula Albertson ដែលមានបទពិសោធន៍ការងារលើកិច្ចការវិស័យការងារអន្តរជាតិ ជាង២០ឆ្នាំ ក៏បានសំដែងនូវការកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់ភ្ជាប់នូវសុឆន្ទៈ ក្នុងការបន្តកិច្ច សហប្រតិបត្តិការល្អជាមួយសហរដ្ឋអាមេរិកតាមរយៈការអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មផ្សាភ្ជាប់ នឹងបទដ្ឋានការងារ។ ទន្ទឹមនឹងនេះលោកជំទាវក៏បានកោតសសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលខិតខំធ្វើកិច្ចការជាច្រើនក្នុងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវៈ ទំនាក់ទំនងវិជ្ជាជីវៈ និងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករ និយោជិត។
ភាគីទាំងពីរបានពិភាក្សា និងចែករំលែកនូវការយល់ដឹងបន្ថែមទៀត ដូចជាទទួលយកនូវអនុសាសន៍ទៅលើបញ្ហាមួយចំនួនដែលភាគីសហរដ្ឋអាមេរិកមិនទាន់យល់ច្បាស់ ឬទទួលព័ត៌មានមិនទាន់គ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីសហជីព សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា និងសេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ។ ក្រោយពីទទួលបាននូវការពន្យល់ពីឯកឧត្តមរដ្ឋមន្រ្តី ភាគីសហរដ្ឋអាមេរិកបានសំដែងនូវការគ្រាំទ្រចំពោះ អ្វីដែលក្រសួងកំពុងខិតខំដំណើរការ ព្រមទាំងលើកទឹកចិត្តក្នុងការខិតខំបន្តអនុវត្តថែមទៀត និងជូនពរឱ្យសម្រេចបានជោគជ័យក្នុងការងារ។ ជាមួយគ្នានេះផងដែរភាគីសហរដ្ឋអាមេរិកនឹង ពាំនាំនូវព័ត៌មានពិតទាំងនេះ ទៅចែករំលែកជាមួយភាគីពាក់ព័ន្ធនានានៅសហរដ្ឋអាមេរិក អោយយល់ច្បាស់ថែមទៀត។ ភាគីអាមេរិក ក៏ទទួលយកនូវសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តនូវការគាំទ្រ និងផ្តល់នូវភាពអនុគ្រោះផ្នែកពាណិជ្ជកម្មបន្ថែមទៀតដល់កម្ពុជា។ ភាគីទាំងពីរសង្ឍឹមថាតាមរយៈភាពអនុគ្រោះពាណិជ្ជកម្មដែលសហរដ្ឋ អាមេរិកផ្តល់ឱ្យកម្ពុជាកាលពីថ្មីៗកន្លងទៅ លើមុខទំនិញសម្ភារៈធ្វើដំណើរ នឹងធ្វើឱ្យការវិនិយោទុនលើវិស័យនេះនឹងកើនឡើង ហើយនឹងបង្កើតការងារជាច្រើនទៀត ជូនដល់បងប្អូនកម្មករ និយោជិត ដែលភាពរីកចំរើននេះ នឹងចាប់ផ្តើមវិវត្តន៍រីកចំរើនដូចវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងដែរ ដែលវិស័យនេះពីដំបូងចាប់ផ្តើមពីរោងចក្រជាង១០ កើនឡើងដល់ ជាងរាប់ពាន់ ហើយកម្មករនិយោជិតពីជាងបីម៉ឺននាក់ កើនដល់ជាង៧០ម៉ឺននាក់។ ជាមួយនេះ ផងដែរ សហរដ្ឋអាមេរិកសង្ឍឹមថាវិស័យផ្សេងទៀត នឹងទទួលបាននូវការរីកចំរើនកាន់តែច្រើនថែមទៀត។