លោកជំទាវ បាន ស្រីមុំ ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន


តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន បន្តផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ដោយមិនបានសន្យាទុកជាមុន។
ជាក់ស្តែងចាស់ជរាគ្មានទីពឹងចំនួន១៦០នាក់ ក្នុងខេត្តប៉ៃលិន បានទទួលប្រាក់ឧបត្ថម្ភជាប្រចាំខែ គិតមកដល់ពេលនេះ មានរយៈពេល៦ឆ្នាំមកហើយ ពីលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ដោយមិនរើសអើយ និងមិនប្រកាន់និន្នាការនយោបាយសាសនា។

ហើយនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ ដែលមានលោកជំទាវ បាន ស្រីមុំ ជាប្រធានមូលនិធិ បានជួបសំណេះសំណាល និងសួរសុខទុក្ខលោកយាយ លោកតា ចាស់ជរាគ្មានទីពឹង ក្នុងខេត្តចំនួន ១៦០នាក់ ដែលអញ្ជើញមកទទួល ប្រាក់ឧបត្ថម្ភប្រចាំខែមីនា ឆ្នាំ២០១៧ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាឧបត្ថម្ភ ១០០,០០០រៀល (មួយសែនរៀលគត់) ហើយចំពោះលោកយាយ លោកតាដែលមានទីលំនៅឆ្ងាយ ពិបាកធ្វើដំណើរ គឺក្រុមការងារបានយកថវិកាទៅប្រគល់ជូនដល់គេហដ្ឋានផ្ទាល់ផងដែរ។

ក្នុងឱកាសនោះក្រុមការងារ បាននាំបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេច សូមជូនពរឲ្យលោកយាយ លោកតាមានសុខភាពល្អ អាយុយឺនយូរ និងសូមថែរក្សាសុខភាពឲ្យបានល្អគ្រប់គ្នា ។

សូមបញ្ជាក់ថា ដោយមានការផ្តួចផ្តើមពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយ ខេត្តប៉ៃលិន និងលោកជំទាវប្រធានមូលនិធិ បានផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំខែដល់លោកយាយ លោកតាចាស់ជរានិងមាន ជីវភាពខ្វះខាត ដើម្បីជួយសម្រាលការលំបាក និងលើកកម្ពស់សុខមាលភាពលោក​យាយ លោកតា ដែលមានវ័យចំណាស់គ្មានទីពឹងក្នុងខេត្តប៉ៃលិន ដោយមិនរើសអើង និងប្រកាន់និន្នាការនយោបាយសាសនាឡើយ។