កិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាង ផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ២០២០.២០៣៥


ព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកទាំង១២ បានចូលរួមកិច្ចប្រជុំរៀបចំតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដោយគិតដល់ពីនិរន្តរភាព ដើម្បីត្រួតពិនិត្យលើសេចក្តីព្រាង ផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ពៅ ពិសិដ្ឋ បានគូសបញ្ជាក់ថា ការរៀបចំផែនការមេ សម្រាប់ការការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ឆ្នាំ២០២០.២០៣៥នេះ គឺជាសូចនាករដ៏សំខាន់ ក្នុងការតម្រង់ទិសលើកិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ក្រោយការបញ្ចប់នូវវិបត្តិជំងឺកូវីដ១៩ ហើយក៏ជាមូល ដ្ឋានគ្រឹះរបស់ខេត្តទេសចរណ៍យើងផងដែរ ។ ឯកឧត្តម ក៏បានស្នើសុំឲ្យអង្គប្រជុំទាំងមូល ផ្តោតទៅលើចំណុចសំខាន់ៗ ដែលបានរៀបចំឡើងនៅលើសេចក្តីព្រាង ទៅតាមជំពូកនិមួយៗ ទាំង១០ជំពូក ដែលបានស្តែងចេញឡើងពីការស្ទង់មតិ ពីអ្នកគ្រប់គ្រងអាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ធុរៈកិច្ចក្នុងវិស័យឧស្សាហ៍កម្មទេសចរណ៍ រួមទាំង វិស័យឯកជនផងដែរ ។

បន្ទាប់ពីលោក ប្រធានមន្ទីរទេសចរណ៍ខេត្ត បានគូសបញ្ជាក់ថា ក្នុងសេចក្តីព្រាង នៃផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាបរួចមក។ អង្គប្រជុំ ក៏បានពិភាក្សា និង ការលើកឡើងរបស់សមាជិកអង្គប្រជុំ បានផ្តោតទៅលើពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និង ត្រូវមានការចូលរួមពីសង្គមស៊ីវិល ដោយផ្តោតលើការអភិវឌ្ឍន៍រមណីដ្ឋានតំបន់បៃតង។

នាឱកាសនោះដែរ ឯកឧត្តម អ៊ឹង ហឿន ក៏បានលើកផងដែរថា ការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០.២០៣៥ ក្នុងការបង្កើតពង្រីកនូវតំបន់រមណីយដ្ឋានធម្មជាតិ និង វប្បធម៌ នៅតាមបណ្តាមូលដ្ឋានក្រុង ស្រុក គឺត្រូវមានការគិតដល់ពីនិរន្តរភាព ក្នុងគោលដៅអភិវឌ្ឍន៍វិស័យទេសចរណ៍។ ឯកឧត្តមបានគូសបញ្ជាក់ថា តំបន់រមណីយដ្ឋានមួយចំនួន គឺមិនអាចធានាបាននូវនិរន្តរភាពបាននោះឡើយ សំខាន់រមណីដ្ឋានស្ទឹងសៀមរាប ដែលជាស្ទឹងប្រវត្តិសាស្ត្របានទទួលប្រភពទឹកពីភ្នំគូលែន តែដោយស្ថានភាពនា ពេលបច្ចុប្បន្ននេះ ភ្នំគូលែនបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដែលធើ្វឲ្យបាត់បង់ធនធានធម្មជាតិលើខ្នងភ្នំ ដែលបង្កឡើងដោយ សកម្មភាពមនុស្ស និង គ្រោះធម្មជាតិ ដែលមិនអាចធានាបាននូវនិរន្តរភាព ក្នុងការផ្គត់ផ្គង់ទឹកបានទាំងរដូវប្រាំង និង វស្សា ហើយបានធ្វើឲ្យបាត់បង់នូវសោភណ្ឌភាពដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក៏ដូចជារមណីយដ្ឋានធម្មជាតិបឹងទន្លេសាប ដែលទទួលប្រភពទឹកពីទន្លេមេគង្គ ហើយមកដល់ថ្ងៃនេះទន្លេសាបបានទទួលរងការរីងស្ងួតផងដែរ ។

ឯកឧត្តមក៏បានបន្តថា វិបត្តិទាំងនេះ ក៏រងមកពីការវិវត្តរបស់ធម្មជាតិ ការបម្រែបម្រួលអាកាសធាតុ និង អំពើរបស់មនុស្សយើងផងដែរ ដោយកត្តាទាំងនេះធ្វើឲ្យទឹកស្ទឹង សៀមរាប មិនអាចធានានូវនិរន្តរភាពបាន ដែលធ្វើឲ្យតំបន់រមណីយដ្ឋានបាត់នូវនិរន្តរភាព ហើយចិរភាពក្នុងការគ្រប់គ្រងទេសចរ ដែលធ្វើឲ្យមានចំណោទបញ្ហាចំពោះមុខទៀតផង ។ ម៉្យាងទៀតរាល់ផែនការដែលរៀបចំឡើងរបស់មន្ទីរទេសចរណ៍ តើនិរន្តរភាព ដំណើរការបានឬយ៉ាងណា ? ហើយដើមី្បយើងរៀបចំនូវផែនការបន្ត ធ្វើឲ្យទៅជាមាននិរន្តរភាពទៅបាន ដោយធ្វើការការពារនូវ តំបន់ឧទ្យានភ្នំគូលែន ហើយរាល់វិធានការទាំងនេះ តើមានប្រសិទ្ធភាពឬមួយយ៉ាងណា ក្នុងការដាំដុះកូនឈើស្តារឡើងវិញនៅខ្នង ភ្នំគូលែន ។ ឯកឧត្តមក៏បានបញ្ជាក់ថា ដើមី្បធានាឲ្យខាងតែបាននូវនិរន្តរភាពនោះ គឺត្រូវមានការចូលរួមពីគ្រប់វិស័យ ទាំងអាណាចក្រ និង ពុទ្ធចក្រ រួមទាំងសង្គមស៊ីវិលផងដែរ៕