រាជរដ្ឋាភិបាលសម្រេច ផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូនសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការសម្រេចនេះធ្វើឡើងតាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។

បើទោះបីជាយ៉ាងណាក្នុងលិខិតនេះមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការសម្រេចផ្អាកប្រារព្ធព្រះរាជពិធីជាព្រះរាជប្រវេណីរបស់ខ្មែរនេះនៅឡើយទេ។ តែតាមប្រភពខ្លះបានឱ្យដឹងថា ការសម្រេចផ្អាកនេះ ដោយយោងទៅលើស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ និងដើម្បីកាត់បន្ថយការចំណាយនានាគ្រាដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងនឹងវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធធ្វើឡើងនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំងក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ដែលឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី៣០, ៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នៅតាមទន្លេសាប។ តែព្រះរាជពិធីក៏ធ្លាប់បានផ្អាកផងដែរ ពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យាងសោយទិវង្គត និងពេលកម្ពុជាជួបនឹងវិបត្តិទឹកជំនន់ ឬវិបត្តិសង្គមផ្សេងៗ៕