ពិធី​សម្ពោធ​អគារ​សិក្សា នៃ​សាលា​មត្តេយ្យសិក្សា​ធនធាន​ក្រុង​បាត់ដំបង


ខេត្ត​បាត់ដំបង៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ ពិធី​សម្ពោធ​អគារសិក្សា នៃ​សាលា​មត្តេយ្យសិក្សា​ធនធាន​ក្រុង​បាត់ដំបង​ក្រោម​ជំនួយ​ហិរញ្ញប្បទាន នៃ​ក្រសួង​ការបរទេស​ជប៉ុន(MoFA) ដែល​នេះ​គឺជា​សមិទ្ធិ​ផល​មួយ​ដ៏​សំខាន់​សម្រាប់​បណ្ដុះបណ្ដាល​ដល់​កុមារ​តូច​ដែល​មាន​បរិស្ថាន និង​សម្ភារ:សិក្សា​គ្រប់គ្រាន់​ស្របតាម​ស្តង់ដារ​នៃ​ប្រទេស​ជឿនលឿន​ជា​ពិសេស​គឺ​ប្រទេស​ជប៉ុន។
ពិធី​សម្ពោធ​អគារ​សិក្សា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោមអធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នេះ​ដែរ​ឯកឧត្ដម​បាន​ថ្លែង​​អំណរគុណ​ដល់ គ្រប់​អង្គភាព​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ ជា​ពិសេស​ដល់​ម្ចាស់​ជំនួយ​ហិរញ្ញប្បទាន នៃ​ក្រសួង​ការបរទេស​ជប៉ុន(MoFA) ដែល​បាន​សហការ​ជា​មួយ​ក្រសួង​អប់រំ យុវជន និង​កីឡា សាង​សង់​សាលា​មត្តេយ្យសិក្សា​ធនធាន​នេះ​ឡើង លើស​ពី​នេះ​ឯកឧត្ដម​បាន​មាន​ប្រសាសន៍​ថា​អគារសិក្សា​ធនធាន​នេះ​គឺជា​ថ្នាល​បណ្ដុះ​ដល់​ការ​រីកចម្រើន​ផ្នែក​ខួរក្បាល​កុមារ​តូច​ដ៏​ប្រសើរ​បំផុត ព្រោះ​ថា​ខួរក្បាល​កុមារ​ប្រៀប​ដូចជា​ក្រដាស​ស​មួយ​សន្លឹក​កាល​ណា​យើង​លាប​ពណ៌​អ្វី​ដំបូង​ទៅ​វា​នឹង​ដិត​ស្នាម​រហូត​ដល់​ពេញវ័យ ក្នុង​ន័យ​នេះ​គឺ​ការអប់រំ​ពី​វ័យ​ដំបូង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការធានា​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស។
បន្ទាប់​ពី​ការ​សំណេះសំណាល​រួច ឯកឧត្ដម​បណ្ឌិត បាន​ប្រគល់​ប័ណ្ណ​សរសើរ​ក្នុង​ការ​បំពេញ​ការងារ​ល្អ ជូន​ដល់​បុគ្គលិក​អប់រំ គណៈកម្មការ​សាលារៀន និង​ធ្វើ​ដំណើរ​ទស្សនកិច្ច បន្ទប់​សិក្សា បណ្ណាល័យ និង​ទីធ្លា​លេងល្បែង​សិក្សា​សម្រាប់​កុមារ​ផង​ដែរ៕
១៣ សីហា ២០២០ | នៅ​សាលា​មត្តេយ្យសិក្សា​ធនធាន​ក្រុង​បាត់ដំបង