ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ថ្មីទៀត ជាអ្នកមកពីអាមេរិក និងព្យាបាលជា២នាក់


ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា មានពលរដ្ឋខ្មែរម្នាក់ទៀត បានកើតជំងឺកូវីដ១៩ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងបានព្យាបាលជាសះស្បើយចំនួនពីរនាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន ទទួលបាន បានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ថ្មីនេះ ជាស្ត្រីជនជាតិខ្មែរ អាយុ ៥១ឆ្នាំ មានអាស័យដ្ឋាននៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ស្ត្រីរូបនេះ បានធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់កម្ពុជា នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០។

លទ្ធផលវិភាគវត្ថុសំណាកតេស្តលើកទី០២ របស់គាត់ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ដោយឡែកអ្នកព្យាបាលជាសះស្បើយនោះ ជាបុរសជនជាតិខ្មែរ ម្នាក់អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល និងម្នាក់ទៀតអាយុ ២២ឆ្នាំ មានអាស័យដ្ឋាននៅភូមិជីមាន់ ឃុំក្រែក ស្រុកក្រែក ខេត្តត្បូងឃ្មុំ។

បុរសទាំង ០២នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមម៉ោងព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៧៣នាក់ ស្រី្ត៥៤នាក់ និងបុរស ២១៩នាក់។ ក្នុងនោះអ្នកព្យាបាលឱ្យជាសះស្បើយឡើងវិញ មានចំនួន២២៥នាក់ ស្ត្រី៤៦នាក់ និងបុរស១៧៩នាក់។

ដោយឡែកអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៤៨នាក់។ សម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សរុប០២នាក់ (ស្ត្រីកងទ័ពមួកខៀវអង្គការ សហប្រជាជាតិរបស់កម្ពុជា ០១នាក់ និងស្ត្រីជនជាតិអាម៉េរិកាំង ០១នាក់), នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ៣៦នាក់ (ស្ត្រី ០៤នាក់ និងបុរស ៣២នាក់), នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានចំនួន០៤នាក់ ជាបុរស, នៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ មានចំនួន០៤នាក់ ជាបុរស, នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានចំនួន ០២នាក់ ជាស្ត្រីជនជាតិកាហ្សាក់ស្តង់ និងស្ត្រីជនជាតិកាណាដា៕