គណបក្សប្រជាជនក្រសួងមុខងារសាធារណៈ ប្រកាសសេចក្តីសម្រេច​កែសម្រួល និងតែងតាំងសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស


នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាក្រសួងមុខងារសាធារណៈសរុបប្រមាណ៦០០នាក់ បានចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួល និងតែងតាំងសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនៃវិមាន៧មករា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ព្រុំ សុខា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សក្រសួងមុខងារសាធារណៈ។

យោងតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានសម្រេចកែសម្រួល និងបំពេញបន្ថែមសមាជិកគណៈកម្មាធិការបក្ស សមាជិកអចិន្ត្រៃយ៍ ព្រមទាំងតែងតាំងប្រធាន គណៈត្រួតពិនិត្យ ប្រធានគណៈហិរញ្ញវត្ថុ ប្រធានក្រុមការងារយុវជនគណបក្សរបស់ក្រសួងមុខងារសាធារណៈ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានគណបក្ស បានថ្លែងទៅកាន់អង្គប្រជុំដោយបានសង្កត់ធ្ងន់ អំពីភារកិច្ចនយោបាយ និងការទទួលខុសត្រូវរបស់គណបក្ស ក្រសួងមុខងារសាធារណៈ ក្នុងការចូលរួមចំណែកជម្រុញ អនុវត្តដោយជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុដ៏ថ្លៃថ្លា របស់គណបក្សប្រជាជនកម្ពុជា គឺ សុខសន្តិភាព និងការអភិវឌ្ឍមាតុភូមិកម្ពុជា។

ចំពោះស្ថានភាពបច្ចុប្បន្នដែលកម្ពុជា កំពុងប្រឈមជាមួយបញ្ហាសកល ដែលជាផលប៉ះពាល់នៃវិបត្តិកូវីដ ១៩ យើងត្រូវចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងប្រជាជននៅទូទាំងប្រទេស ក្នុងការបន្តប្រយុទ្ធប្រឆាំង នឹងមេរោគកូរ៉ូណាថ្មីនេះ ដោយត្រូវពង្រឹងជំហរនិងជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន យើងពិតជាឈ្នះកូវីដ១៩ យើងពិតជាជំនះបានរាល់វិបត្តិបង្កឡើងដោយកូវីដ១៩ សំដៅនាំសង្គមជាតិយើង ទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ ដើម្បីអនាគតរុងរឿងថ្លៃថ្លាជានិរន្តរ៍តរៀងទៅ។

ឆ្ពោះទៅកាន់គោលដៅដ៏ឧត្តុង្គឧត្តមនេះ សមាជិកគណបក្សក្រសួងមុខងារសាធារណៈម្នាក់ៗ ត្រូវគោរព អនុវត្តដោយស្មោះត្រង់នូវរាល់ គោលនយោបាយ គោលការណ៍ និងលក្ខន្តិកៈរបស់គណបក្ស ហើយត្រូវធ្វើគំរូក្នុងការអនុវត្តសម្រេច ឱ្យបានជោគជ័យនូវរាល់ភារកិច្ចនយោបាយ និងការងាររបស់បុគ្គលនិងរបស់អង្គភាព។

ជាចុងក្រោយ យើងទាំងអស់គ្នាត្រូវប្តេជ្ញាចូលរួមពង្រឹងគណបក្ស តាមបាវចនារបស់គណបក្សក្រសួងមុខងារសាធារណៈគឺ សាមគ្គី គុណវុឌ្ឍិ និងអនាគត៕