សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» តម្លៃជាង ៤៤លានដុល្លារ របស់ឧកញ៉ា លី យ៉ុងផាត់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០នេះ អញ្ជើញទស្សនកិច្ច និងបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សួនទឹក «ហ្គាឌិនស៊ីធី» គឺជាកន្លែងលេងទឹកកម្សាន្តដ៏ធំ និងដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់ឡើងនៅតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាតំបន់អភិវឌ្ឍន៍រណបមួយភាគខាងជើងឈាងខាងកើតរាជធានីភ្នំពេញ។ របាយការណ៍ក្រុមហ៊ុន បានឱ្យដឹងថា សួនទឹក «ហ្គាឌិនស៊ីធី» ត្រូវបានបោះទុនវិនិយោគសរុបជាង ៤៤លានដុល្លារអាមេរិក។

សួនទឹកនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង ៨ហិកតា ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២០។

សួនទឹកហ្គាឌិនស៊ីធី មានឧបករណ៍សម្រាប់លេងកម្សាន្តទាំងអស់ចំនួន៣៨ ដែលទាន់សម័យ និងមានគុណភាពល្អ ដោយបាននាំចូលពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ឧបករណ៍លេងកម្សាន្តទាំងនេះ ត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់វ័យទាំងវ័យកុមារ ជំទង់ យុវវ័យ និងវ័យចំណាស់ផងដែរ។

ឧបករណ៍កម្សាន្តទាំងនេះមានដូចជា៖ ឋានសួគ៌រលក (ធំជាងគេនៅអាស៊ាន), អាណាចក្រទឹក (ធំជាងគេនៅអាស៊ាន), ឋានសួគ៌កុមារ, ទន្លេមេគង្គ, ស្គីរលក និងជ្រលងទឹកគួច។

ក្រៅពីមានកន្លែងលេងទឹកហើយនោះនៅក្នុងសួននេះ ក៏មានភោជនីយដ្ឋានបម្រើអាហារដ្ឋានមានទាំងអាហារខ្មែរ បារាំង និងកញ្ចុសសម្រាប់អង្គុយលេងកម្សាន្តផងដែរ។

សួនទឹកនេះមានបុគ្គលិកបម្រើការរហូតដល់ទៅ ២៣០នាក់។ សម្រាប់តម្លៃសំបុត្រចូលលេងកម្សាន្តវិញ មនុស្សធំតម្លៃ ១៥ដុល្លារអាមេរិក កូនក្មេង និងមនុស្សចាស់តម្លៃ ៩ដុល្លារ។ បើកដំណើរការពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច។

រាជធានីភ្នំពេញ ក្រោយរំដោះពីរបបប្រល័យពូជសាសន៍នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ត្រូវបានគេប្រសិទ្ធនាមជាទីក្រុងខ្មោច។ ក្រោយថ្ងៃរំដោះរាជធានីដែលសល់ពីគំនរផេះផង់នៃភ្លើងសង្គ្រាមនេះ មានប្រជាពលរដ្ឋចូលមករស់នៅតិចតួចបំផុត។

តែបច្ចុប្បន្នរាជធានីភ្នំពេញរយៈពេលជាង ៤០ឆ្នាំក្រោយការរំដោះ បានក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងការរស់នៅដ៏រស់រវើក។ រាជធានីភ្នំពេញ ដែលធ្លាប់តែស្ថិតក្រោមស្បៃអន្ធការដ៏ខ្មៅងងឹត បានប្រែក្លាយទៅជាស្រស់បំព្រងរំលេចដោយសំណង់អគារលំនៅឋាន ពាណិជ្ជកម្មខ្ពស់ទាប និងតំបន់លេងកម្សាន្តជាច្រើនទៀត។

ក្រោមម្លប់សុខសន្តិភាពរាជធានីភ្នំពេញ ទទួលបានការអភិវឌ្ឍរីកចម្រើនលូតលាស់យ៉ាងខ្លាំងក្លា ហើយក៏ទទួលបានចំណាត់ថ្នាក់ជារាជធានីទំនើបមួយនៅក្នុងតំបន់។ បច្ចុប្បន្នផ្ទៃដីរាជធានីភ្នំពេញ ត្រូវបានពង្រីកពីជាង ៣០០គីឡូម៉ែត្រក្រឡាពីអតីតកាល រហូតដល់ទៅជិត ៧០០គីឡូម៉ែត្រនាពេលបច្ចុប្បន្ន។

វត្តមានសួនទឹក «ហ្គាឌិនស៊ីធី» ជាសមិទ្ធផលនៃការអភិវឌ្ឍថ្មីមួយទៀត សម្រាប់រាជធានីភ្នំពេញ ក្រោមម្លប់នៃសុខសន្តិភាព។ វត្តមានសួនទឹក «ហ្គាឌិនស៊ីធី» បង្កើតបានជាកន្លែងលេងកម្សាន្តនាំមកនូវភាពរីករាយសម្រាប់ពលរដ្ឋក្នុងរាជធានីភ្នំពេញនិយាយដោយឡែក ហើយក៏សម្រាប់ពលរដ្ឋមកពីគ្រប់ទិសទីនិយាយជារួម។

បន្ថែមពីលើនោះ វត្តមានសួនទឹក «ហ្គាឌិនស៊ីធី» ក៏ជាការរួមចំណែកទាក់ទាញអ្នកទេសចរដែលចូលមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នៅតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាដែនដីព្រៃត្រែងពីអតីតកាលនោះ បច្ចុប្បន្នបានក្លាយជាទីក្រុងរណបរបស់រាជធានីភ្នំពេញ។ តំបន់នេះក្រៅតែពីវត្តមានសួនទឹកដែលជាសមិទ្ធផលថ្មី ក៏មានកន្លែងទស្សនាសត្វដ៏ធំហៅថា សួនសត្វសាហ្វារី, សណ្ឋាគារ, កន្លែងវាយកូនហ្គោល ព្រមទាំងពហុកីឡដ្ឋានជាតិដ៏ធំកំពុងដំណើរការសាងសង់ផងដែរ៕