អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានចែកជូនដល់មជ្ឈមណ្ឌលកុមារកំព្រា នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ


ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍នៃសហភាព័ន្ធយុវជនកម្ពុជា និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ បាននាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយស ចែកជូនមណ្ឌលកុមារកំព្រា នួនអក ព្រៃដុំ ស្ថិតនៅក្នុងឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូ និងកុមារកំព្រាទាំងអស់ក៏ទទួលបាននូវសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក រួមមានជំងឺកុមារ ជំងឺមាត់-ធ្មេញ រោគស្ត្រី ជំងឺត្រចៀក ច្រមុះ បំពង់ក ពិនិត្យនិងបំពាក់ឧបករណ៍គ-ថ្លង់ អេកូសាស្ត្រ និងអប់រំសុខភាពផ្លូវចិត្តផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានពាំនាំនូវបណ្តាំសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន មកជូនដល់លោកប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ បុគ្គលិកមជ្ឈមណ្ឌល និងកុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ និងរៀនសូត្រនៅក្នុងមជ្ឈមណ្ឌលផងដែរ សរុបប្រមាណជិត២០០នាក់ ។

ទន្ទឹមនឹងនោះឯកឧត្តមបណ្ឌិត ហេង សុខគង់ បានលើកឡើងពីការរីកចម្រើន និងអភិវឌ្ឍយ៉ាងលឿននៃសេដ្ឋកិច្ចកម្ពុជាក្នុងរយៈកាលជាង២១ឆ្នាំកន្លងមក ក្រោមដំបូលនៃសុខសន្តិភាព ដែលមានសម្តេចតេជោជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយ ហើយឆ្នាំនេះទោះបីពិភពលោកប្រឈមនឹងជំងឺកូវីដ១៩ ហើយកម្ពុជាក៏រងនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចដែរនោះ តែកម្ពុជានៅតែអាចធានាបាននូវសន្តិសុខស្បៀង និងការនាំចេញ ជាពិសេសកសិផលគួរឱ្យកត់សម្គាល់ផងដែរ ។

ដោយឡែកនៅខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តមួយនេះលើគ្រប់វិស័យ ជាក់ស្តែងសមិទ្ធផលជាច្រើនបានលេចចេញជារូបរាងឡើងជាបន្តបន្ទាប់ដូចជាបណ្ណាល័យ សួនច្បារ កន្លែងហាត់ប្រាណ ពហុកីឡដ្ឋាន មន្ទីរពេទ្យ សាលារៀន វត្តអារ៉ាម ។ល។

សូមជម្រាបថា មជ្ឈមណ្ឌលកុមារកំព្រាខាងលើនេះ បានទទួលអំណោយរួមមាន៖ អង្ករ៩បាវ មី១០កេស ទឹកត្រី១០យួរ ទឹកស៊ីអ៉ីវ១០យួរ ទឹកផ្លែឈើ២០កេស ទឹកក្រូច១០កេស ទឹកអាគ័ររៀ១០កេស សាប៊ូទឹកលាងដៃ១០កេសធំ សៀវភៅ២០០ក្បាល ខិត្តបណ្ណផ្សព្វផ្សាយពីវិធីបង្ការជំងឺកូវីដ១៩ ចំនួន២០០០សន្លឹក នំសាគូរ៉ា២កេសធំ ជែលសម្រាប់លាងដៃចំនួន២០០ដប ម៉ាសចំនួន២៥០ម៉ាស់ នំប៉័ង និងទឹកសុទ្ធសម្រាប់កុមារនិងលោកតា លោកយាយនៅជុំវិញមជ្ឈមណ្ឌលផងដែរ៕