ឯកឧត្តមខៀវ កាញារីទ្ធនិងលោកជំទាវចុះត្រួតពិនិត្យនិងលើកទឹកចិត្តដល់មន្រ្តីបំពេញការងារនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា


ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវខៀវទេព រង្ស៊ី កាញារីទ្ធ នៅថ្ងៃទី១៩ខែសីហា ឆ្នាំ២០២០ បានអញ្ចើញចុះត្រួតពិនិត្យនិងលើកទឹកចិត្តដល់មន្រ្តីបំពេញការងារប្រចាំការនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំ។

នៅក្នុងឱកាសនោះ ឯកឧត្តមបានណែនាំដល់មន្រ្តីនៃនាយកដ្ឋានទំាង៥ របស់អគ្គនាយករដ្ឋានវិទ្យុជាតិ កម្ពុជា លើកការផលិតព័ត៌មានឲ្យបានកាន់តែច្រើនទាន់សភាពការណ៍ ផលិតកម្មវិធីវិទ្យុដែលបំរើដល់ ផលប្រយោជន៍ សង្គម និងការផលិតបទចំរៀងថ្មីៗ ដែលបំរើដល់ការស្តាប់កម្សាន្តរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍ថា នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា គឺមានក្រុមសិល្បៈទំាងសម័យនិង បុរាណជាច្រើន ហើយចំពោះក្រុមតន្រ្តីសិល្បៈបុរាណដូចជា អាយ៉ៃ ចាប៉ីដងវែង ភាគច្រើន ជាមនុស្សចាស់ដែលសម្បូរទៅដោយបទពិសោធន៍ ដូច្នេះ ឯកឧត្តមស្នើឲ្យមានការបណ្តុះបណ្តាលបន្តដល់អ្នកជំនាន់ក្រោយបន្ថែមទៀត ពិសេសគឺក្រុម យុវជន ដើម្បីឲ្យពួកគេអាចបន្តវេន ដើម្បីបំរើការកម្សាន្តដល់ប្រិយមិត្តអ្នកស្តាប់។

សូមបញ្ជាក់ថា ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ជានិច្ចជាកាលតែងតែផ្តល់ការគាំទ្រ ដល់ដំណើរការងាររបស់វិទ្យុជាតិកម្ពុជា ទាំងស្មារតី សម្ភារ ថវិកា ដើម្បីអោយរាល់ដំណើរការងារផ្សាយរបស់វិទ្យុជាតិ បានប្រព្រឹត្តទៅដោយរលូន ដែលបំរើទៅដល់ប្រិយមិត្តអ្នកស្តាប់នៅទូទំាងប្រទេស។