រាជរដ្ឋាភិបាលប្ដេជ្ញារក្សាសន្ដិភាព និងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ


រាជរដ្ឋាភិបាលបានបញ្ជូនក្រុមការងារចុះមូលដ្ឋាន ដើម្បីជួយដោះស្រាយសំណូមពរ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានដែកបេឡេតិ៍ ០១ខ្សែ ប្រវែង១២៦ម៉ែត្រ និងអគារសិក្សា ចំនួន ២ខ្នង នៅក្នុងសាលាបឋមសិក្សាស្វាយព្រៃ និងអនុវិទ្យាល័យកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ការចុះមូលដ្ឋានជាប់ជានិច្ចនេះ គឺបង្ហាញពីទឹកចិត្ដក្នុងការផ្សាភ្ជាប់រវាងការដឹកនាំ និងប្រជាពលរដ្ឋដែលជាគោលនយោបាយដ៏ត្រឹមត្រូវបំផុត ហើយមិនដូចនយោបាយបាលរបស់ប៉ុលពតនោះទេ គឺមិនស្ដាប់ មិនខ្ចីរវល់ពីប្រជាពលរដ្ឋ និងនាំគ្នាគិតតែពីកាប់សម្លាប់ប្រជាពលរដ្ឋដែលគ្មានកំហុស រហូតដល់កាប់សម្លាប់គ្នាឯងក្នុងជួរថ្នាក់ដឹកនាំកំពូលៗរបស់ពួកវាទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណៈបក្សប្រជាជនដែលដឹកនាំរាជរដ្ឋាភិបាល បានដាក់ចេញយន្ដការជាច្រើន និងខិតខំប្រឹងប្រែងដើម្បីផ្ទេរអំណាច ផ្ទេរសិទ្ធិ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិត និងផ្ដល់សេវាជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោមបានបញ្ជាក់ទៀតថា របៀបរបបការងាររបស់រាជរដ្ឋាភិបាល ដែលបានកើតចេញពីគណៈបក្សប្រជាជនកម្ពុជា និងដែលជាប់ដោយការបោះឆ្នោត គឺដើម្បីដឹកនាំប្រទេសជាតិមានសុខសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
គណៈបក្សប្រជាជនកម្ពុជា បានចាត់ទុកប្រជាពលរដ្ឋជាធំ ក្នុងការកសាងគោលនយោបាយ ដោយមិនប្រកាន់បក្សពួកនោះទេ៕