ប្រមុខការទូតជប៉ុន មិនបានលើកបញ្ហាសិទ្ធិមនុស្ស តាមការចង់បានរបស់ Human Rights Watch និងក្រុមឧទ្ទាមក្រៅច្បាប់ឡើយ


ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន មិនបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា តបតាមការចង់របស់អង្គការសិទ្ធិមនុស្ស Human Rights Watch ព្រមទាំងក្រុមឧទ្ទាមរស់នៅក្រៅសំណាញ់ច្បាប់នោះឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញទាំងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែសីហា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានលើកឡើងតែពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន លើកផ្នែកការទូត ពាណិជ្ជកម្ម និងវិនិយោគជាដើម តាមរយៈការបើកឱ្យដំណើរជាប្រក្រតីឡើងវិញនៃជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

តំណាងឱ្យរដ្ឋាភិបាលជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ក៏បានបង្ហាញពីជំហរក្នុងការជួយកម្ពុជាសម្រេចលើផែនការអភិវឌ្ឍន៍។ ប្រមុខការទូតជប៉ុនរូបនេះ ក៏បានជជែកពីការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ក្រៅតែពីការលើកឡើងពីបញ្ហាទ្វេភាគីហើយនោះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ក៏បានជជែកលើបញ្ហាក្នុងតំបន់ដូចជាជម្លោះឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូង ជាមួយសមាសភាគីកម្ពុជាផងដែរ។

ដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ចំពេលរាជរដ្ឋាភិបាលកម្ពុជា បញ្ចេញធម៌ក្តៅចាប់មនុស្សមួយក្រុម មានដូចជាលោក រ៉ុង ឈុន និងលោក សួង សោភ័ណ ព្រមទាំងយុវជនមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលចោទថាធ្វើសកម្មភាពញុះញង់លើបញ្ហាព្រំដែន។

ព្រោះតែការចាត់វិធានការច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គមនេះ នាំឱ្យក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក ព្រមទាំងអង្គការ Human Rights Watch និងក្រុមជំទាស់រាជរដ្ឋាភិបាល ដែលជាក្រុមឧទ្ទាមរស់នៅក្រៅសំណាញ់ច្បាប់ផងនោះ បានទាមទារឱ្យប្រមុខការទូតជប៉ុនលើកពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ។

តែក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ទាំងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន និងលោក ប្រាក់ សុខុននោះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ដូចជាអត់មាននិយាយដល់ការប្រតិបត្តិការងារសិទ្ធិមនុស្សរបស់កម្ពុជានោះទេ។

ដូច្នេះសូមចូលរួមសោកស្តាយផងជាមួយអង្គការ Human Rights Watch និងអង្គការសិទ្ធិមនុស្សមួយចំនួន ដែលលោក ម៉ូតេហ្គី តូស៊ីមីត្សឹ មិនបាននិយាយពីបញ្ហានេះ។

ជប៉ុនតាំងពីដើមមកបានយល់ច្បាស់ពីកម្ពុជា។ កម្ពុជាជាប្រទេសឯករាជ្យ មានអធិបតេយ្យភាពជាតិពេញលេញ ដូច្នេះជប៉ុនមិនលូកលាន់រឿងកិច្ចការផ្ទៃក្នុង និងការអនុវត្តន៍ច្បាប់របស់កម្ពុជានោះឡើយ។

ជប៉ុន មិននិយាយច្រើន មិនបង្គាប់បញ្ជាច្រើនទេ តែជប៉ុនតែងតែជួយកម្ពុជាជាប់ជានិច្ច។ រាប់តាំងពីការជួយសម្របសម្រួលបញ្ចប់សង្គ្រាម និងជួយអភិវឌ្ឍន៍កម្ពុជាជាបន្តបន្ទាប់តាំងពីក្រោយកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍មក។

មួយវិញទៀតជប៉ុន បានទទួលស្គាល់ពីការរីកច្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានកត់សម្គាល់ពីភាពខុសប្លែកគ្នារវាងកម្ពុជាបច្ចុប្បន្ន និងកម្ពុជា ដែលលោកបានមកដល់កាលពី៦ឆ្នាំមុន លើភាពរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច សំណង់អគារ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរបស់ពលរដ្ឋកម្ពុជាផងដែរ។

បន្ថែមពីលើនេះ កិច្ចសហប្រតិបត្តិការ និងការរកស៊ីជាមួយគ្នា ដើម្បីការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ចជារឿងចាំបាច់សម្រាប់ជប៉ុន និងកម្ពុជា ជាជាងការសម្លឹងលើបញ្ហាផ្សេងៗ។ ដូច្នេះការលើកឡើងរបស់ក្រុមអង្គការសិទ្ធិមនុស្សប្រហែលមិនមានអនុភាពគ្របលើទស្សនៈរបស់រដ្ឋាភិបាលជប៉ុននោះឡើយ។

ការមិនលើកពីបញ្ហាសិទ្ធិមនុស្សនេះ អាចនឹងធ្វើឱ្យក្រុមអង្គការសិទ្ធិមនុស្ស ព្រមទាំងក្រុមជំទាស់ក្រៅច្បាប់ផង ត្រូវខកចិត្ត ខកបំណងខ្លាំងហើយ។ បើទោះបីជាយ៉ាងណា គេសង្ឃឹមថា ក្រុមខកបំណងទាំងនេះ នឹងមិនជេរជប៉ុន ព្រោះតែរឿងមិនបំពេញការចង់បានរបស់ខ្លួនជាក្រុមមនុស្សស្រឡាញ់ទង្វើបំពានច្បាប់នោះឡើយ។

សូមអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន យល់ពីការពិតរបស់កម្ពុជា និងបានរួមចំណែកឱ្យកម្ពុជារើខ្លួនពីរណ្តៅនៃភាពវេទនា រហូតមានស្ថានភាពដូចពេលបច្ចុប្បន្ន៕