ដើមឆ្នាំក្រោយ ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន នៅប្រទេសជប៉ុន


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹងរៀបចំឡើងនៅដើមឆ្នាំ២០២១ នៅប្រទេសជប៉ុន។

ដំណឹងនេះបានបញ្ជាក់ឡើង ក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តីជាមួយលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០២០ម្សិលមិញ នៅទីស្តីការក្រសួងការបរទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មានទទួលបាន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការរីករាយ ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន ដែលនឹងរៀបចំឡើងនៅដើមឆ្នាំ ២០២១ នៅប្រទេសជប៉ុន»

ក្នុងជំនួបនោះដែរ លោក ម៉ូតេហ្គី បានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ជប៉ុន សម្រាប់កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ ដែលនឹងរៀបចំដោយកម្ពុជា នៅពាក់កណ្តាលឆ្នាំ ២០២១ ឱ្យទទួលបានជោគជ័យ។

សូមរំលឹកថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។ កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធានពីររូប គឺ លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម និងលោក MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុន។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ ធ្វើការពិភាក្សាលើវឌ្ឍនភាពដែលសម្រេចបានក្រោម «យុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៨» និង «គំនិតផ្តួចផ្តើមមេគង្គ-ជប៉ុនសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពឆ្នាំ២០៣០» ក៏ដូចជា «កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្នុងគោលបំណងសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច» តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងការលើកកម្ពស់សុខភាព សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ។

តាមការគ្រោងទុក កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ត្រូវបានលើកទៅរៀបចំនៅពាក់កណ្តាលឆ្នាំ២០២១វិញ ដោយសារតែវិបត្តិកូវីដ១៩។ ASEM13 នឹងត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»៕