ក្រុមការងារចំណាកស្រុកខេត្តព្រៃវែងរៀបចំកម្មវិធីសំណេះសំណាល និងជួបប្រាស្រ័យ ផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ក្នុងឱកាសឈប់សំរាកពីការងារ


ក្នុងឱកាសឈប់សំរាកពីការងារ គឺជាពេលវេលាដែលបងប្អូនកម្មករពលករ ចំណាកស្រុកវិលត្រឡប់មកជួបជុំ ក្រុមញាតិ គ្រួសារក្នុងមូលដ្ឋានភូមិ ឃុំរបស់ខ្លួននោះ ក្រុមការងារចំណាកស្រុកខេត្តព្រៃវែងរួមជាមួយក្រុមការងារដទៃទៀត និងអាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ ភូមិ នៅទូទាំងខេត្តព្រៃវែង បានសស្រាក់សស្រាំសហការគ្នាចាត់ចែងរៀបចំឲ្យមានកម្មវិធីសំណេះសំណាល និងជួបប្រាស្រ័យផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនចំណាកស្រុក នៅតាមសាលារៀន វត្តអារាម និង ទីកន្លែងសមស្របនានា បានចំនួនជាង៥មុឺននាក់។

ជាមួយនឹងសារក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះជំងឺកូវីដ១៩ និង ចូលរួមទាំងអស់គ្នា ក្នុងការបង្ការនិងទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍ ក្រុមការងារបានលើកទឹកចិត្តដល់បងប្អូន កម្មករ ពលករ ចំណាក ស្រុកត្រូវបន្តប្រកាន់ស្មារតីតស៊ូ ប្រឹងប្រែង អត់ធ្មត់ និងមានអធ្យាស្រ័យខ្ពស់ ដើម្បីរួមគ្នា ឆ្លងកាត់នូវ កាលៈទេសៈ លំបាកនេះនិងជម្នះបានផលវិបាកនៃជំងឺដ៏កាចសាហាវនេះ។

ក្រុមការងារក៏បានលើកឡើងពី កិច្ចខិតខំនិង ទំនួល ខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពុះពារ ទ្រោល បាន ស្ថានភាព សេដ្ឋកិច្ច និង គ្រប់គ្រង បាន ប្រក្រតី ភាព នៃសង្គមជាតិ ព្រមទាំងដោះស្រាយបានជា បណ្តើរៗវិបត្តិដែល បង្ក ឡើង ដោយ ជំងឺ កូវីដ១៩ ជាអាទិ៍ៈ ការបង្កើតថ្មីការងារនិងមុខរបរសម្រាប់អ្នករងគ្រោះ ការជួយសម្របសម្រួលជាមួយមីក្រូហិរញ្ញវត្ថុ ចំពោះ បំណុល របស់ ប្រជាជន ការឧបត្ថម្ភអំណោយសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងរងគ្រោះ ការគាំទ្រ ជំរុញ និងលើកកម្ពស់សកម្មភាព វារីវប្បកម្ម ការដាំដំណាំ និងការចិញ្ចឹមសត្វ។ល។

ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានគូសបព្ជាក់ ពីការឃោសនាអកុសលនានារបស់មជ្ឈដ្ឋានអគតិ ដែលតែងឆ្លៀតឱកាសធ្វើការវាយប្រហារចោទ ប្រកាន់ មកលើរាជរដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន ត្រឹមត្រូវ សំដៅទំលាក់កំហុសគ្រប់យ៉ាងដោយ ចេតនាទុច្ចរិតចង់ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ទោះបីប្រទេសជាតិ និងប្រជាជនយើង បាននិងកំពុងប្រឈមទល់នឹងមហន្តរាយ នៃជំងឺ កូវីដ១៩ក៏ដោយ។

ចុងក្រោយ ក្រុមការងារបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានជំនឿជឿជាក់យ៉ាងមុតមាំ លើការដឹកនាំដ៏ត្រឹមត្រូវនិងប្រកបដោយសមត្ថភាពខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីរួមគ្នាបង្កើតជាមហាកំលាំងសាមគ្គីប្រជាជាតិដ៏រឹងមាំ ប្រយុទ្ធយកឈ្នះឲ្យបានជំងឺកូវីដ១៩ ដើម្បីនាំសង្គមកម្ពុជាដ៏ស្រស់បំព្រង ត្រឡប់ទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ បន្តរក្សាបាននូវ សុខសន្តិភាពជានិច្ចនិរន្តរ៍ និងការរីកចម្រើនឥតឈប់ឈរសម្រាប់អនាគត ដ៏រុងរឿងរបស់យើង ទាំងអស់គ្នា៕