ប្រទេសសមាជិកមេគង្គ-ឡានឆាង សុទ្ធតែអរគុណចិន ដែលជួយអភិវឌ្ឍន៍ប្រទេសសមាជិក


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ព្រមទាំងមេដឹកនាំកំពូលនៃប្រទេសសមាជិកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ៤ផ្សេងទៀត រួមមាន ៖ ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ដែលមានប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ធ្វើឡើងតាមរយ:ប្រព័ន្ធវដេអូពីចម្ងាយ។ ព្រោះតែកូវីដ១៩ មេដឹកនាំប្រទេសជាសមាជិកមិនអាចជួបប្រជុំដោយផ្ទាល់នៅប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំ ដូចកិច្ចប្រជុំលើកទី១ ឆ្នាំ២០១៦ នៅចិន និងលើកទី២ ឆ្នាំ២០១៨ នៅកម្ពុជានោះទេ។

កិច្ចប្រជុំដែលធ្វើឡើងក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» នេះ មេដឹកនាំប្រទេសជាសមាជិក សុទ្ធតែបានគូសបញ្ជាក់ពីគុណតម្លៃ និងសារ:សំខាន់នៃកិច្ចសហប្រតិបត្តិការមួយនេះ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសសមាជិក។ ជាពិសេសប្រទេសតាមដងទន្លេមេគង្គទាំង៥។

មេដឹកនាំប្រទេសជាសមាជិក សុទ្ធតែបានចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខជាមួយចិន ដែលបានជួបគ្រោះមហន្តរាយទឹកជំនន់នាពេលថ្មីៗនេះ។

មេដឹកនាំប្រទេសសមាជិក រួមទាំងវៀតណាម ជាអ្នកកំពុងមានបញ្ហាលើដែនសមុទ្រផង សុទ្ធតែសម្តែងការកោតសរសើរចិន ដែលបានចូលរួមជំរុញការអភិវឌ្ឍន៍ប្រទេសតាមដងទន្លេមេគង្គ ព្រមទាំងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

វៀតណាម បានអរគុណចិន បើកលំហរទីផ្សារសម្រាប់កសិផលសម្រាប់ប្រទេសតាមដងទន្លេមេគង្គ ហើយសង្ឃឹមថា ចិនបន្តជួយដល់ប្រទេសមេគង្គបន្តទៀត។

ដោយឡែកឡាវ បានអរគុណចិន ដែលជួយដល់ការតភ្ជាប់ផ្លូវដែករបស់ខ្លួនជាមួយចិន ក៏ដូចរវាងឡាវ ជាមួយថៃ។

ក្នុងកិច្ចប្រជុំនេះ ក្រៅតែពីការជជែកដាក់ចេញផែនការអភិវឌ្ឍសេដ្ឋកិច្ចហើយនោះ។ ប្រទេសសមាជិកក៏បានជំរុញឱ្យមានការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។

ពាក់ព័ន្ធជំងឺកូវីដ១៩នេះ វៀតណាម បានគាំទ្រចំពោះការបង្កើតវ៉ាក់សាំងរបស់ចិនផងដែរ។

វិបត្តិទឹកតាមដងទន្លេមេគង្គក៏ត្រូវបានវៀតណាមលើកឡើងផងដែរ។ វៀតណាម ស្នើឱ្យមានការចែករំលែកព័ត៌មានលើការគ្រប់គ្រង និងប្រើប្រាស់ទឹក ដើម្បីដោះស្រាយវិបត្តិទឹកនេះ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក លី ខឺឈាង ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានកំណត់នូវកិច្ចប្រជុំជាច្រើន បែងចែកជា ៤កម្រិត។ ក្នុងនោះកិច្ចប្រជុំក្រុមការងារធ្វើឡើង ១ ឬ ២ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំឧត្តមមន្ត្រីធ្វើឡើង ១ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសធ្វើឡើង ១ដងក្នុងមួយឆ្នាំ ដោយឡែកកិច្ចប្រជុំកំពូលវិញ ត្រូវធ្វើឡើង ២ឆ្នាំម្តង។

កិច្ចប្រជុំមេគង្គ-ឡានឆាង ត្រូវធ្វើឡើងដោយមានប្រទេសចិន ជាសហប្រធានអចិន្ត្រៃយ៍ ហើយប្រទេសតំបន់ទន្លេមេគង្គ ត្រូវផ្លាស់ប្តូរវេនធ្វើជាសហប្រធានទៅតាមលំដាប់តួអក្សរ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងដោយគោរពតាមគោលការណ៍កុងសង់ស៊ីស ការបើកចំហរ ការបញ្ចូលគ្នា សមភាព ការពិគ្រោះយោបល់ និងការសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក និងផលប្រយោជន៍រួម និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតសហគមន៍មួយដែលរួមអនាគត គ្នាប្រកបដោយសនិ្តភាពនិងវិបុលភាព ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ពន្លឿន «ក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ» «វិថីសូត្រសមុទ្រសតវត្សរ៍ទី២១» ដែលហៅកាត់ថា «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»។

សូមបញ្ជាក់ថាមេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ មានផ្ទៃស្ដុកទឹក ៧៩៥,០០០គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ក្នុងកិច្ចសហប្រតិបត្តិការនេះ ចិនបានផ្តល់ថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក ដេីម្បីអភិវឌ្ឍន៍ប្រទេសសមាជិក៕