អភិបាលខណ្ឌចំការមន ស្នើឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការអនាម័យ និងការការពារខ្លួនពី Covid-19


ឯកឧត្តម ថេង សុថុល អភិបាលខណ្ឌចំការមន បានស្នើឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌចំការមន បន្តយកចិត្តទុកដាក់អនុវត្តនូវវិធាននានា របស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មី Covid-19។

បើទោះជានៅកម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើម Covid-19 នេះ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែយើងក៏បានរកឃើញ អ្នកវិជ្ជមាន Cvid-19 ជាបន្តបន្ទាប់ ពីបងប្អូន ដែលទើបត្រឡប់មកពីបរទេស ដូច្នេះដើម្បីការពាកុំឲ្យ Covid-19 ឆ្លងមកក្នុងសហគមន៍ មានតែយើងទាំងអស់គ្នា ចូលរួមទាំងអស់គ្នា ការពារទប់ស្កាត់ កុំឲ្យកម្ពុជា មានអ្នកឆ្លងជំងឺដោយសារកូវីដ នៅក្នុងសហគមន៍។

ឯកឧត្តមអភិបាល បានស្នើឡើងដូចនេះ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ក្នុងពិធីផ្សព្វផ្សាយអត្ថប្រយោជន៍ប័ណ្ឌសមធម៌ និងចែកស្លាកវិធានការពសរ នៃការឆ្លងជំងឺ កូវីដ១៩ និងចែកអំណោយដល់ប្រជាពលរដ្ឋ នៅសង្កាត់បឹងត្របែក ចំនួន៥៨គ្រួសារ នៅបរិវេណសាលាសង្កាត់។

ឯកឧត្តមអភិបាលខណ្ឌ បានទទូចសុំកុំឲ្យមានការជួបជុំគ្នា ជាទ្រង់ទ្រាយធំណាមួយ រូមទាំងពិធីសាសនានានាផងដែរ ដើម្បីទប់ស្កាត់នូវការចម្លង ឬការរីករាលដាល នៃជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ នៅក្នុងប្រទេសកម្ពុជា ដូចដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាកដាលនៃជំងឺនេះ ដើម្បីសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខណ្ឌ សុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកទទួលអំណោយ ក៏ដូចជាប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងមូលដ្ឋាន ខណ្ឌចំការមន និងក្នុងរាជធានីភ្នំពេញ រៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះសំរាមចោលរក្សាបរិស្ថាន ក្នុងសហគមន៍ឲ្យបានល្អ ជាពិសេសក្នុងសម័យកូវីដ១៩នេះ សុំបន្តអនុវត្តវិធានអនាម័យ ឲ្យបានជាប់ជាប្រចាំ គឺរស់នៅស្អាត ហូបចុកស្អាត បរិស្ថានល្អ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺលាងដៃឲ្យ បានញឹកញាប់ ពាក់ម៉ាស និងរក្សាគំលាតសង្គមឲ្យបានល្អ ដើម្បីរួមគ្នាទប់ស្កាត់ និងការពារ ការរីករាលដាលជំងឺកូវីដ១៩ មកក្នុងសហគមន៍របស់យើង។

ឯកឧត្តម ថេង សុថុល បានបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទ មានជីវភាពធូធារ បានចូលរួមកសាងទីវត្តអារ៉ាម កសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ថ្នល់ សាលារៀន មន្ទីរ ឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពី ការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង របស់សម្តេចតេជោ ហ៊ុន សែន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដូចនេះ យើងត្រូវថែរក្សាតម្លៃសន្តិភាពឲ្យបានរឹងមាំ។

លោក សុន សុធី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា អំណោយដែលទទួលបានក្នុង មួយគ្រួសាររួមមាន៖ អង្គរ១ប៉ាវ ទម្ងន់១០គីឡូក្រាម, ស្ករស១គីឡូក្រាម, អំបិល១គីឡូក្រាម, មី៥កញ្ចប់, ទឹកត្រី១ដប, ទឹកស៊ីអ៉ីវ១ដប, ត្រីខ១កំប៉ុង, សាប៊ូលាងដៃ១ដុំតូច, ទឹកអាល់កុល១ដប និងម៉ាសចំនួន១០៕