កិច្ចប្រជុំ ស្ដីពី លទ្ធភាពក្នុងការបើកដំណើរការឡើងវិញគ្រឹះស្ថានមធ្យមសិក្សាក្នុងដំណាក់កាលទី២ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២


រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​កិច្ច​ប្រជុំ ស្ដីពី “លទ្ធភាពក្នុងការរៀបចំបើកសាលារៀនសាធារណៈឡើងវិញសម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២” ក្រោមអធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង ប្រធាន​នាយកដ្ឋាន​ជំនាញ គណៈ​គ្រប់គ្រង និង​គ្រូបង្រៀន​មុខវិជ្ជា​ឯកទេស​នៃ​វិទ្យាល័យ​នេះ។

វិទ្យាល័យបាក់ទូក ត្រូវបានជ្រើសរើសជាសាលារៀនដំបូងដែលត្រូវបើកឡើងវិញ ដោយសារមានចំនួនសិស្សថ្នាក់ទី១២ ច្រើនជាងគេទូទាំងប្រទេស។ លទ្ធភាពនៃការបើកសាលារៀនឡើងវិញ បានសិក្សាទៅលើការសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់ និងការសិក្សាពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា ហើយមានចំនួនសិស្សចន្លោះពី១៥ ទៅ ២០នាក់ក្នុងមួយថ្នាក់ ការរៀបចំកាលវិភាគសិក្សា ការសិក្សាលើធនធានដែលវិទ្យាល័យមានស្រាប់ដូចជា បន្ទប់សិក្សា ចំនួនគ្រូបង្រៀន និងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដោយការប្រើប្រាស់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ និង​អាច​ទាញ​យក​ផលប្រយោជន៍សម្រាប់ពេលអនាគត ដោយ​បន្ត​និរន្តរភាព​បច្ចេកវិទ្យា​៕

ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ​២០២០ | នៅ​វិទ្យាល័យ​បាក់ទូក