ក្រសួងធម្មការចេញសេចក្ដីណែនាំ៦ចំណុច សម្រាប់រៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមវត្តអារាម ដើម្បីការពារជំងឺកូវីដ១៩


ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំស្ដីពី ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងពង្រឹងវិធានការការពារសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ នៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា។

យោងតាមលិខិតដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងធម្មការ បានណែនាំ៦ចំណុចដូចខាងក្រោម៖

*ទី១៖ រៀបចំវត្តអារាម ឲ្យមានសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានល្អ ត្រូវចងទង់ បដា ជ្វាលា ពាក្យស្លោក និងរៀបចំឲ្យមានធុងសំរាមសាធារណៈ

*ទី២៖ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន រៀបចំឲ្យមានកម្លាំងរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកបំពេញបុណ្យកុសល នៅគ្រប់វត្តអារាម

*ទី៣៖ រៀបចំទុកដាក់ បែងចែកទេយ្យទានឲ្យបានសមរម្យជៀសវាងភាពខ្លះខ្ជាយ និងយកទៅជូនកងកម្លាំងប្រដាប់អាវុធ ចែកទានដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងក្មេងអនាថាគ្មានទីពឹង

*ទី៤៖ តាមដាន និងត្រួតពិនិត្យនៅតាមវត្តអារាម ដើម្បីអនុវត្តឲ្យបាននូវអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល

*ទី៥៖ ផ្សព្វផ្សាយនូវរាល់សារអប់រំណែនាំនានា ដែលផលិតដោយក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយ ជាប់ជាប្រចាំនៅក្នុងទីវត្តអារាម និងផ្សព្វផ្សាយដល់សាធារណជន ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុង ប្រយ័ត្នខ្ពស់ សំដៅបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍

*ទី៦៖ រៀបចំឲ្យមានជាកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ ជែល ឬទឹកអាល់កុលសម្រាប់លាងសម្អាតដៃជាប្រចាំ។ ត្រូវ ពាក់ម៉ាស ក្រមា កន្សែង ឬប្រើក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ និងត្រូវរក្សាគម្លាតបុគ្គល ម្នាក់ទៅបុគ្គលម្នាក់ទៀតឲ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និងអនុវត្តតាមវិធាននានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕