លោក សុខ ឥសាន៖ សង្ឃ ប៊ុត ប៊ុនតិញ ដើរតួឯក​ ជាអ្នកនាំពាក្យ CNRP


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានថ្លែងថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានដើរតួឯកយ៉ាងសំខាន់ នៅក្នុងគណបក្សសង្រ្គោះជាតិ (CNRP) និងជាអ្នកនាំពាក្យCNRP ផងដែរ។

ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ តាមរយៈតេឡេក្រោម នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ថា “សង្ឃ ប៊ុត  ប៊ុនតិញ ទើបជាអ្នកនាំពាក្យ របស់គណបក្សប្រឆាំង និងគ្រប់ពេលវេលា សង្ឃ ប៊ុត ប៊ុនតិញ បានចេញមុខការពារ អំពើល្មើសគ្រប់យ៉ាង របស់គណបក្សប្រឆាំង ហើយបានប្រើគ្រប់វិធី ​ដើម្បីបិទបាំងអំពើអាក្រក់ របស់គណបក្សប្រឆាំង”។

ឯកឧត្តមបន្ដទៀតថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ពិតជាធ្វើអ្នកនាំពាក្យ របស់ CNRP ដោយមិនបាច់មានប្រាក់ខែ ។ លោកថា ​នេះជាចរិតលោកសង្ឃម្នាក់ ដែលដើរផ្លូវប្រាស់ចាកពីសង្ឃ គឺជាស្រែបុណ្យរបស់ពុទ្ធបរិស័ទ ផងនោះ៕