រថយន្ដសង្គ្រោះបន្ទាន់អំណោយទី៤១ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនមណ្ឌលសុខភាពនៅស្រុកត្រាំកក់ ខេត្ដតាកែវ


(តាកែវ)៖ រថយន្ដសង្គ្រោះបន្ទាន់ អំណោយទី៤១ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានប្រគល់ជូនមណ្ឌលសុខភាព ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងឧកញ៉ា លី ហៀក រតនា។

លោកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងថា ដោយសារតម្រូវការចាំបាច់ នូវរថយន្ដសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកត្រាំកក់នេះ «យើងត្រូវតែជួយមិនថានៅស្រុក និងតំបន់នៃខេត្ដណានោះទេ ពិសេសនៅស្រុកនេះ មានពលរដ្ឋច្រើនតម្រូវការក៏ច្រើន ចំពោះបម្រើសេវាសុខភាព ទោះមានការរឹតបន្ដឹងច្បាប់ចរាចរណ៍យ៉ាងណាក៏ដោយ ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍ នៅតែកើតមានជារៀងរាល់ថ្ងៃ ដូច្នេះតាមរយៈតម្រូវការនេះ យើងត្រូវតែជួយភ្លាមៗ»

ហេតុនេះហើយ ក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យគ្រោះថ្នាក់ទាំងយើង និងអ្នកដទៃ និងផ្តល់ភាពលំបាកដល់គ្រួសារ និងសង្គមជាតិផងដែរ ។

លោកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងបន្ដថា «ក្នុងនាមខ្ញុំជាទីប្រឹក្សាផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋ និងមានលទ្ធភាពតិចតួចជាមួយសប្បុរជននានា ដែលចូលចិត្ដធ្វើកម្មវិធីសប្បុរសធម៌ចែករំលែក យើងនឹងប្រឹងប្រែងដើម្បីកម្ពុជា និងពលរដ្ឋយើង ហើយនឹងជួយបំពេញបន្ថែមចំនុចខ្វះខាតណាមួយ ឱ្យមានភាពល្អប្រសើរឡើងបន្ថែមទៀត»

ក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត ជា រតនា ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌កន្លងមក ពិសេសរថយន្ដសង្គ្រោះបន្ទាន់នេះតែម្ដង ដែលមានលោកឧកញ៉ា សុខ វណ្ណា ដែលជួយជាថវិកាសម្រាប់ទិញរថយន្ដសង្គ្រោះបន្ទាន់ទី៤១នេះ ចំនួន ៨ពាន់ដុល្លារ ហើយនេះមិនមែនជាលើកទីមួយទេ និងមានអំណោយរថយន្ដជាបន្ដបន្ទាប់ទៀត ដែលសរុប ៦៩គ្រឿង។

ទន្ទឹមនឹងនោះ ប្រធានមន្ទីរពេទ្យបង្អែកស្រុកត្រាំកក់ ខេត្ដតាកែវ លោកវេជ្ជបណ្ឌិត ហេង ធី បានសម្ដែងនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះអំណោយ ដ៏ថ្លៃថ្លា របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា។

លោកថ្លែងបន្ដថា «អំណោយជារថយន្ដសង្គ្រោះបន្ទាន់នេះ ពិតជាមធ្យោបាយ និងជាតម្រូវការមួយដ៏ចាំបាច់បំផុត សម្រាប់បញ្ជូនអ្នកជំងឺនៅស្រុកត្រាំកក់ទាំងមូល និងពលរដ្ឋនៅក្នុងខេត្ដតាកែវផងដែរ ដើម្បីសង្គ្រោះឱ្យបានទាន់ពេលវេលា និងកាត់បន្ថយអត្រាការស្លាប់របស់អ្នកជំងឺ។ លើសពីនោះ នៅតាមតំបន់ដាច់ស្រយាល ដែលគ្មានមធ្យោបាយធ្វើដំណើរមកកាន់មន្ទីរពេទ្យ ហើយក៏ស្របនឹងមន្ទីរពេទ្យនៅទីនេះ តម្រូវការចាំបាច់ផងដែរ»

ជាមួយគ្នានោះ «ដើម្បីឆ្លើយតបនឹងអំណោយដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាខិតខំបំពេញនូវកាតព្វកិច្ច និងបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌ និងគុណភាព ។លើសពីនោះ យើងខ្ញុំនឹងប្ដេជ្ញាថែរក្សារថយន្ដសង្រ្គោះបន្ទាន់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជាមរតកសម្រាប់មន្ទីរពេទ្យ និងជាប្រយោជន៍ដល់ប្រជាជននៅក្នុងស្រុកត្រាំកក់ទាំងមូល»

ចំណែក លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ក៏បានថ្លែងផងដែរថា រថយន្ដសង្គ្រោះបន្ទាន់នេះ ជាតម្រូវការចាំបាច់ នៅក្នុងមូលរបស់យើង ដោយសារស្រុកត្រាំកក់នេះ មានប្រជាជនច្រើន ដែលមានរហូតដល់ទៅ១៥ឃុំ មានពលរដ្ឋសរុប ២០ម៉ឺននាក់ ដូច្នេះតម្រូវការមានវិសាលភាពធំ ជាពិសេស ត្រៀមសម្រាប់សង្គ្រោះអ្នកគ្រោះថ្នាក់ចរាចរណ៍មួយចំនួន។

តំណាងឱ្យប្រជាពលរដ្ឋ លោកអភិបាលស្រុកត្រាំកក់ សូមគោរពថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់រថយន្ដសង្គ្រោះមួយគ្រឿងនេះ សម្រាប់យកទៅបម្រើផលប្រយោជន៍ប្រជាជន៕