ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ស្នើឱ្យកម្លាំងសមត្ថកិច្ចចម្រុះ បន្តខិតខំបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន


ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាក់ថា ទីតាំងដែលសម្បូរបទល្មើស «ឧទាហរណ៍ជាក់ស្តែង ដូចជានៅផ្ទៃទឹកបឹងទន្លេសាប» គឺប្រាកដជាទីតាំងនោះ សម្បូរទៅដោយធនធានជលផលច្រើន។ ដូច្នេះស្នើឱ្យកងកម្លាំងសមត្ថកិច្ចចម្រុះ បន្តខិតខំបង្ក្រាបបទល្មើស ក៏ដូចជាល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍ប្រទសជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ៅ ធនិន បានស្នើបែបនេះ ក្នុងឱកាសឯកឧត្តមដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែសីហា នៅវេទិកាដោះស្រាយបញ្ហា ក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ម្សិលមិញ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា គណៈបញ្ជាការឯកភាព គឺជាបញ្ជាការឯកភាពតែមួយ ដែលមានការចូលរួមពីមន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទូទាំងខេត្ត។ ទាំងថ្នាក់ដឹកនាំជុំវិញខេត្ត ត្រូវរួបរួមគ្នាពិនិត្យ ពិភាក្សារាល់បញ្ហា ដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន និងត្រូវធ្វើសេចក្តីរាយការណ៍ពីបញ្ហាប្រឈម ដើម្បីរកវិធីដោះស្រាយតាមគ្រប់មធ្យោបាយ សំដៅធ្វើឱ្យល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ៅ ធនិន បានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ សង្កេត ពិនិត្យ វាយតម្លៃ រាល់បញ្ហា សកម្មភាព ឬហេតុការណ៍ ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ដោយត្រូវមានវិធានការ និងធ្វើការដោះស្រាយដោយផ្ទាល់ ប៉ុន្តែក្នុងករណីការដោះស្រាយហើយ ពុំទទួលបានលទ្ធផល ត្រូវរាយការណ៍មកខេត្ត ដើម្បីសហការគ្នាអនុវត្តន៍ឱ្យមានប្រសិទ្ធភាព។

ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម ម៉ៅ ធនិន សុំឱ្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ការពារឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្រោមម្លប់សន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្ដូរ ដើម្បីផ្ដល់នូវសុខទុក្ខពិតប្រាកដ ដល់ប្រជាពលរដ្ឋ។ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងក្រុមប្រឹក្សាទាំង៤៩ឃុំសង្កាត់ អធិការដ្ឋាននគរបាលស្រុកក្រុងទាំង០៧ ត្រូវបិទឱ្យខាងតែបាន នូវល្បែងស៊ីសងគ្រប់ប្រភេទ បៀរ អាប៉ោង បញ្ជល់មាន់ ភ្នាល់បាល់ ភ្នាល់ប្រដាល់ និងគ្រឿងញៀន ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងមានភាពកក់ក្ដៅ ក្នុងការរស់នៅប្រកបរបរចិញ្ចឹមជីវិត។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានដោះស្រាយនូវបញ្ហាប្រឈម ដែលគណៈបញ្ជាការឯកភាពក្រុងស្រុក បានលើកឡើង ជុំវិញផ្លូវជាតិលេខ៥៥ ចំណុចភ្នំ១៥០០ ឫផ្លូវបុប្ផាលាក់ខ្លួន ដែលមានជនខិលខូច លួចកាប់ឆ្ការតាមជើងភ្នំ សង់លំនៅដ្ឋាន និងដាំដំណាំ ធ្វើឱ្យខូចសោភណ្ឌភាព ទីតាំងដែលជាបេះដូងរបស់ខេត្តពោធិ៍សាត់, ជាមួយគ្នានោះលោកបានបញ្ជាផ្ទាល់ដល់លោក ខូយ រីដា អនុប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលទទួលទិសខាងស្រុកវាលវែងស្រាប់ ត្រូវចាត់វិធានការជាបន្ទាន់ ទោះថ្នាក់ណាក៍ដោយ បើពុំមានឯកសារផ្លូវច្បាប់បញ្ជាក់ពីអាជ្ញាធរដែនដីទេ ត្រូវអនុវត្តន៍ច្បាប់។

ពាក់ព័ន្ធនឹងការខ្វៀលដីគម្របព្រៃ ដីធនធានធម្មជាតិ ដីបរិស្ថាន ជូនប្រជាពលរដ្ឋ ស្នើឱ្យគណៈកម្មការដែលចុះទៅពិនិត្យលើក្បាលដី ត្រូវមានការចូលរួមជាមួយគ្នា និងយកផែនទីមកភ្ជាន់ឱ្យបានច្បាស់លាស់ ដោយផ្អែកទៅលើអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ចៀសវាងកន្ទេលធំបន្លំដេក។

ឯកឧត្តមសូមឱ្យក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ពេលចុះបំពេញបេសកកម្ម ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ហើយចេញល្បាតតែក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានហើយ។ ចំពោះផ្លូវវាងក្រុងប្រវែង១១គម ទទឹង៦០ម យើងបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចរាល់អស់ហើយ។ ក្នុងប្រវែងទទឹង៦០មនោះ យើងស្ថាបនាផ្លូវតែ៤០មទេ គឺទុកសង្ខាងដប់ៗម៉ែត្រ សម្រាប់ដាំដើមឈើនិងធ្វើសួនច្បារ។ ដូច្នេះម្ចាស់ដី មិនអាចបោះបង្គោល រឺសង់ផ្ទះនៅលើដី១០មនោះបានទេ។ ចំពោះផ្លូវអភិវឌ្ឍជនបទ ដែលសម្ដេចតេជោបានផ្ដល់ជូន១២៦គម នៅតាមឃុំនីមួយៗនោះ បើមានរថយន្ដបុកបាក់បារ៉ាស់សុវត្ថិភាព គឺប្រគល់ឱ្យមេឃុំ និងប៉ុស្ដិ៍រដ្ឋបាល ទទួលខុសត្រូវ បើមិនទទួលខុសត្រូវទេ លោកនឹងមានវិធានការរដ្ឋបាលជាក់ជាមិនខាន៕